រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពីការបង្កើត ក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម់ាណែត បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការបង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមឆត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ នេះ បើ យោង តាមសេចក្តីសម្រេចដែលចុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ និងបានចេញផ្សាយនៅលើបណ្ដាញសង្គម តេឡេក្រាមរបស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។

សម្ដេចធិបតី បានសរសេរនៅលើបណ្ដាញសង្គមថា មុនការឆ្លង រាល ដាលជាសកលនៃជំងឺកូវីដ-១៩ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់, ទាំងនៅក្នុងតំបន់ និងលើសកល លោក, ជាមួយនឹងអត្រាកំណើនជាមធ្យមប្រមាណ ៧ភាគរយ ក្នុង មួយឆ្នាំ ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញ ពីឋានៈ ជា ប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ កន្លងទៅ ។
សម្ដេចធិបតីបន្តថា ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់ នេះ, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។

សម្ដេចបន្តថា ក្នុងន័យនេះ ការប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ឬ ហៅកាត់ថា «វិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្នុងថ្ងៃនេះ អាចត្រូវបាន ចាត់ទុកថា ជាជំហានជាក់ស្តែងថ្មីមួយទៀត របស់រាជរដ្ឋាភិបាល នៅ ក្នុងទិសដៅនេះ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «អត្ថប្រយោជន៍ពិសេស», កម្មវិធីនេះនឹងផ្តល់ការសម្រួលនីតិវិធី និងការលើកទឹកចិត្តពិសេស, លើសពីការកំណត់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន, ដល់ វិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោង ឬ សកម្មភាព ក្នុងឆ្នាំ ២០២៤ នេះ ទៅតាមប្រភេទគម្រោង ឬ សកម្មភាព រួមមាន ៖ (១). គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង; (២). គម្រោង វិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង; និង (៣). ការពង្រីកគម្រោង វិនិយោគដែលមានស្រាប់នៅក្នុងខេត្ត ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner