រមាំងញី តែងបន្តពូជនៅចន្លោះខែមីនា ឧសភា និងឈ្មោលតែងជម្រុះស្នែងរាល់ឆ្នាំ

ភ្នំពេញ៖ រមាំង ឬ ល្មាំង Eld’s Deer ជាប្រភេទសត្វដ៏កម្របំផុតនាពេលបច្ចុប្បន្ន។សត្វប្រភេទនេះជិតផុតពូជ (EN)លើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងវាមានវត្តមានពេញមួយឆ្នាំនៅ ប្រទេសកម្ពុជាយើង ។

បើយោងតាមឯកសារស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖សត្វរមាំងភាគ ច្រើនរស់នៅជាហ្វូង តាមតំបន់ទំនាបក្នុងព្រៃល្បោះ ដែលសម្បូដោយ ស្មៅ ស្បូវ ព្រេច ល្បះរុក្ខជាតិ រួមជាមួយ ត្លុក បឹង ត្រពាំង និងវាលស្រែ នៃបណ្តាខេត្តមួយ ចំនួនរួមមាន ខេត្ត បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និង រតនគិរី។

រមាំងជាថនិកសត្វតិណាសី និងមិនសូវផ្អើល មានមាឌតូចជាងប្រើស តែធំជាង ឈ្លូស បន្តិច រមាំងឈ្មោលមាឌធំជាងលឿងស្រអាប់ ឬ លឿងក្រម៉ៅ មានអុចៗ សនៅចំហៀងខ្លួន ក្រោមពោះនិងក ពណ៌ស។ ស្នែងរបស់វាខុសពីប្រើស និងឈ្លូស ដោយនៅគល់ស្នែងមានបែកខ្នែងពីរ មួយស្រួចគ្របលើចិញ្ចើមដុះលយទៅមុខ និង មួយ ទៀតដុះឡើងលើពេនចេញមកក្រៅហើយកោងខុបទៅមុខ នៅចុង ស្នែងរាង សំប៉ែតបែកជាម្រាម ហើយវាតែងជម្រុះស្នែងរាល់ឆ្នាំ ជាពិសេសនៅរដូវវស្សា ដែល ជារដូវសម្បូរចំណីអាហារសម្រាប់ការលូតលាស់ស្នែងថ្មីរបស់វា ប៉ុន្តែមានតែ រមាំង ឈ្មោលទេដែលមានដុះស្នែង។

បច្ចុប្បន្ននេះ មិនមានទិន្នន័យច្បាស់លាស់ថា មានសត្វរមាំងប៉ុន្មានឡើយ តែសត្វ រមាំង ត្រូវ បានគេជឿថានៅមានតែក្នុងប្រទេសកម្ពុជា និងប្រទេសឡាវប៉ុណ្ណោះ ចំណែកប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាមត្រូវបានគេជឿថាបាន ផុតពូជពីធម្មជាតិបាត់ទៅហើយ។

ដោយឡែកបើយោងតាមទិន្នន័យដែលផ្សាយដោយអង្គការ IUCN ចេញផ្សាយនៅឆ្នាំ ២០១៥ សត្វរមាំងនៅប្រទេសកម្ពុជាមានចំនួនតិចជាង ៧០០ក្បាលដែលកំពុងរស់ នៅ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ ចំនួននេះអាចមានការថយចុះថែមទៀត នាពេលបច្ចុប្បន្ននេះ។ នៅរដូវជម្រុះស្នែង វាមានរោមវែងៗ រុំជិត ចម្រុះពណ៌ប្រផេះ ក្រហម និងលឿងក្រម៉ៅភ្ជាប់នឹងគល់ក ដែលមានរោមប្រែងមើលគួរឱ្យគយគន់។

ចំពោះលក្ខណៈជីវសាស្ត្រវិញ រមាំងជាសត្វមិនសូវផ្អើល វារស់នៅជាហ្វូងពី ១០ ទៅ ១៥ ក្បាល។ សត្វប្រភេទនេះវាជម្រុះស្នែងរាល់ឆ្នាំនៅអំឡុងខែមិថុនា ដែលជា រដូវ កាល សម្បូណ៌ចំណីសម្រាប់ការលូតលាស់ស្នែងរបស់វា។ រមាំងញីបន្តពូជនៅចន្លោះ ខែមីនា ឧសភា ហើយកើតកូនម្តងៗបានមួយក្បាល បន្ទាប់ពីពពោះចន្លោះពី ៦ ទៅ ៨ខែ។

គួររំលឹកដែរថា កាលពីអំឡុងខែមេសា ឆ្នាំ២០២១កន្លងទៅ ក្រុមស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការមូលនិធិសកលសម្រាប់អភិរក្ស (WWF) ប្រចាំកម្ពុជា បានប្រទះវត្តមានសត្វរមាំង ចំនួន ប្រមាណ៧ក្បាល ក្នុងដែនជម្រក សត្វព្រៃសំបូរ ខេត្តក្រចេះ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។ ការរកឃើញនេះ ត្រូវបានក្រសួងបរិស្ថានចាត់ទុកថាជាភស្ដុតាងបង្ហាញពី ការរស់រានមានជីវិត និងលទ្ធភាពបន្តពូជសត្វប្រភេទនេះ ក្នុងតំបន់ការពារ នៃដែនជម្រក សត្វព្រែ របស់កម្ពុជា៕

ដោយ៖ម៉ាដេប៉ូ
ដកស្រង់ពី សៀវភៅកម្ពុជាមាតុភូមិខ្ញុំ និង ឯកសារក្រសួងបរិស្ថាន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner