ក្រសួងវប្បធម៌៖ អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមរើគំនរថ្ម និងរៀបចំជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅប្រាសាទបាយ័ន
ភ្នំពេញ៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរើគំនរផ្ទាំងថ្មជាច្រើនរយដុំ ដែលអ្នកអភិរក្សជំនាន់បារាំងនាដើមសតវត្សទី២០ ដើម្បីជួសជុលកម្រាលដែលស្រុត ព្រមទាំងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចរបស់ប្រាសាទបាយ័ន ។ នេះបើតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤នេះ។
ទាក់ទិនក្នុងរឿងនេះស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានប្រាសាទបាយ័ន គឺកញ្ញា ម៉េង សុវណ្ណលីលីន បានឱ្យដឹងពីរឿងនេះថា បច្ចុប្បន្នកម្រាលថ្មរបស់រោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័នបានស្រុត ហើយទាមទារឱ្យក្រុមការងារត្រូវតែរុះរើផ្ទាំងថ្មចេញសិន ទើបយកមកផ្គុំសាកល្បងឡើងវិញដើម្បីជួសជុល ។ ចំណែកប្រព័ន្ធបង្ហូរទឹកបុរាណវិញ មិនដំណើរការយូរឆ្នាំមកហើយ។ ក្នុងកំឡុងពេលមានភ្លៀងធ្លាក់ម្តងៗ គឺមានស្ទះទឹក ទើបក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលឡើងវិញ ដើម្បីឱ្យមានដំណើរការរំដោះទឹកចេញពីប្រាសាទបាយ័នទៅខាងក្រៅ។
ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានប្រាសាទបាយ័នរូបនេះឱ្យដឹងផងថា ការរើថ្មកម្រាលរោងទងទី១ និងជួសជុលប្រព័ន្ធបង្ហូរទឹកនេះគឺមានសារសំខាន់ ដើម្បីរកវិធីបញ្ចៀសទឹកភ្លៀងចេញពីខាងលើរួតទី៣ដែលហូរធ្លាក់មកក្រោយប្រាសាទឱ្យកាន់តែលឿន និងកាត់បន្ថយបរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទ។
អ្នកជំនាញរូបនេះពន្យល់ថា កាលណា បរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទច្រើន វាអាចនាំឱ្យដីល្បាប់ខ្សាច់ហូរចេញទៅតាមទឹកភ្លៀង ។ កាលណាដីល្បាប់ខ្សាច់ហូរចេញពីប្រាសាទច្រើនគឺវានឹងធ្វើឱ្យគ្រឹះប្រាសាទខ្សោយ ។
សូមបញ្ជាក់ថាក្រុមមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ថ្មីៗមកនេះទើបតែបានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះផងដែរ៕ដោយ ៖ ម៉ាដេប៉ូ