ថ្ងៃទី៣១ ខែមករានេះ ជាថ្ងៃចុងក្រោយ អង្គភាពប្រឆាំងអំពើពុករលួយ ទទួល ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដល់ម៉ោង១២ យប់
ភ្នំពេញ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ជាកាលបរិច្ឆេទចុងក្រោយនៃការ ទទួល ឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៤។ហេតុនេះអង្គភាពប្រឆាំងអំពើពុករលូយនឹងបើកទ្វារទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល រហូតដល់ម៉ោង១២ យប់។នេះបើតាមការឱ្យដឹងពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។
អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅរសៀលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤នេះថា៖សម្រាប់ បុគ្គលដែលមានមុខតំណែងត្រូវប្រកាសដូចចែង ក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ ខ្លួន រៀងរាល់ ២(ពីរ)ឆ្នាំម្តង ដែលមិនទាន់បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមអញ្ជើញមកប្រកាសឱ្យបានរួសរាន់ តាមច្បាប់កំណត់។
ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានរំលឹកដាស់តឿនដែរថាតាម មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ជនណាដែលមិនបាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណី រឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕
ដោយ៖ម៉ាដេប៉ូ