រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងទូតអឺរ៉ុប អញ្ជើញពិនិត្យការអភិរក្សជម្រកចម្រុះនៃពពួកសត្វ និងរុក្ខជាតិនៃបឹងទន្លេសាប
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបឯកឧត្តម Igor Driesmans និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ឯកឧត្តម Stefan Messerer បានធ្វើដំណើររួមគ្នាដើម្បីពិនិត្យមើលលើការ អភិរក្សជីវចម្រុះការការពារ ធនធានធម្មជាតិ និងនិរន្តរភាព បរិស្ថាន នៅលើតំបន់ទន្លេសាប។
ដំណើរទស្សនកិច្ច នេះរៀបចំឡើងជាសក្ខីភាពមួយចំពោះ យុទ្ធនាការ #ForOurPlanetរបសសហភាពអឺរ៉ុបដែលកាន់តែ
ទូលំទូលាយដោយបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះចីរភាពបរិស្ថាននៅទូទាំងពិភពលោក។
ក្រសួងបរិស្ថានបានឱ្យដឹងថា ដំណើរទស្សនកិច្ចនៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៤ នេះ ឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូបានស្វែង យល់ពីជីវចម្រុះដ៏សម្បូរបែបនិងទេសភាពអេកូឡូស៊ីពិសេសនៃតំបន់បឹងទន្លេសាប។ប្រតិភូបានសង្កេតឃើញសត្វស្លាបទឹកនៅតំបន់រ៉ាមសារព្រែកទាល់និងបានជួបជាមួយសហគមន៍រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងការអភិរក្សជីវចម្រុះនៃបឹង,លើកកម្ពស់វិធីសាស្រ្តការពារព្រៃឈើ ប្រកប ដោយចីរភាព និងការការពារសហគមន៍មូលដ្ឋាន។
សូមជម្រាបថា កន្លងមកគម្រោង «ទន្លេសាបរបស់យើង» ដែល ផ្តល់មូលនិធិដោយសហភាពអឺរ៉ុបហើយអនុវត្តដោយអង្គការ សមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងតំបន់រ៉ាមសារព្រែក ទាល់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប នៃខេត្តបាត់ដំបងបានផ្តល់ ការយល់ដឹងដ៏មានតម្លៃចំពោះបញ្ហាប្រឈមនិងភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស ការគ្រប់គ្រងធនធានប្រកប ដោយ និរន្តរភាព និងការចូលរួមសហគមន៍ក្នុងការការពារ បរិស្ថាន នៅក្នុងតំបន់៕
ដោយ៖ម៉ាដេប៉ូ