ក្រសួងការពារជាតិ និងក្រុមហ៊ុន CATIC ចិន បង្ហាញការបង្ហោះដ្រូន គ្មានមនុស្សបើក

(ភ្នំពេញ)៖ នៅព្រលានយន្តហោះយោធា ក្នុងខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មានរៀបចំបង្ហាញ បច្ចេកវិទ្យា និងការបង្ហោះអាកាសយាន្តគ្មានមនុស្សបើក ដ្រូនធុន CW-15 និង CW-40 របស់ក្រុមហ៊ុន CATIC (កាទិក) នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់កងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ន ។

គោលដៅចម្បង នៃការបង្ហោះបង្ហាញដ្រូននាថ្ងៃនេះ គឺចង់បង្ហាញអំពីលក្ខណៈបច្ចេកទេស ប្រសិទ្ធិភាព និងជ្រុងមួយតូចរបស់ដ្រូននេះ ដើម្បីស៊ើបការណ៍ ការកសាងភូមិសាស្ត្រ ការកំណត់គោលដៅ និងការកំណត់ទីតាំងច្បាស់លាស់ សម្រាប់បម្រើឱ្យផ្នែកកលយុទ្ធ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទ បានប្រាស្រ័យទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត និងក្នុងកម្រិតខ្ពស់ ហើយកំពុងមានការរីកចម្រើនលូតលាស់ទៅមុខ ទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ។ ការបង្ហាញ ការបង្ហោះដ្រូនធុន CW-15 និងCW-40 របស់ក្រុមហ៊ុន CATIC ក្នុងឱកាសនេះ គឺជាកិច្ចសហការថ្មីមួយទៀត រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន តាមរយៈអគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងក្រុមហ៊ុន CATIC ដើម្បីបង្ហាញពីលក្ខណៈបច្ចេកទេសដ្រូន មុខងារ និងតួនាទីរបស់ដ្រូនក្នុងគោលដៅបម្រើកិច្ចការស៊ីវិល និងកិច្ចការយោធា ។ ជាការពិត ដ្រូនមានច្រើនប្រភេទ និងបច្ចេកវិទ្យាខុសៗគ្នា តែការយកមកបង្ហាញក្នុងឱកាសនេះ ក្រុមហ៊ុន CATIC បាននាំយកដ្រូនចំនួន ០២ ប្រភេទប៉ុណ្ណោះ ដើម្បីឱ្យភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិបានស្វែងយល់អំពីលក្ខណៈប្រសិទ្ធិភាពដ្រូន បម្រើឱ្យ ការងារយោធា និងស៊ីវិល ព្រមទាំងការបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យារបស់សាធារណរដ្ឋប្រជាមានិតចិន ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការវិវត្តន៍រីកចម្រើន នៃបច្ចេកវិទ្យាមានសន្ទុះយ៉ាងលឿនមិនអាចប៉ាន់ស្មានបាន ជាពិសេសបច្ចេកវិទ្យា ជ្រួន បានបម្រើឱ្យសេចក្តីត្រូវការរបស់មនុស្សជាច្រើន ក្នុងគោលដៅស៊ីវិល និងយោធា ក្នុងនោះការបម្រើ ការងារយោធាដូចជា៖ ការស៊ើបការណ៍ ការវាយកម្ទេច ការទប់ទល់គ្រប់ស្ថានភាព និងគ្រប់អាកាសធាតុជាដើម ហើយការរីកចម្រើននៃបច្ចេកវិទ្យាដ្រូន បានវិវត្តឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ។ កត្តានេះហើយបានធ្វើ បណ្តាប្រទេសជាច្រើន បានខិតខំពង្រឹងពង្រីកគ្រឿងបំពាក់ដ្រូនតាមសេចក្តីត្រូវការជាក់ស្តែងរបស់ខ្លួន ក្រៅពីនោះក៏បានដាក់ចេញនូវវិធានការគ្រប់គ្រងដោយច្បាប់ ទាំងការផលិត ការនាំចូល និងការប្រើប្រាស់ ព្រមទាំងរៀបចំគ្រឿងបំពាក់ក្នុងការទប់ស្កាត់ដ្រូនគ្រប់ប្រភេទទៀតផង ។

តាមរយៈនៃការបង្ហាញ ការបង្ហោះដ្រូននាថ្ងៃនេះ ឯកឧត្តមនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានសំណូមពរឱ្យអគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស ក្រសួងការពារជាតិ បន្តទំនាក់ទំនងជាមួយក្រុមហ៊ុន CATIC បន្ថែមទៀត ដើម្បីសិក្សា អំពីសេចក្តីត្រូវការដ្រូន សម្រាប់បម្រើឱ្យកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខជាតិ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner