មន្រ្តីកសិកម្ម ដែលប្រឡងជាប់ចំនួន ២៥០រូប នឹងត្រូវបានបណ្ដុះបណ្ដាល អំពីជំនាញ បច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ
(ភ្នំពេញ)៖ ក្រោយពីជ្រើសរើសបានមន្ត្រីកសិកម្មឃុំ ចំនួន ២៥០រូប រួចមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីជំនាញបច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ រួចនឹងរៀបចំដាក់ពង្រាយមន្ត្រីកសិកម្មឃុំទាំង ២៥០រូប ដែលបណ្ដុះបណ្ដាលបំប៉នបន្ថែមលើជំនាញសំខាន់ៗមួយចំនួន រួមមាន៖ ១/ វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ជាពិសេស ទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម, ទី២/ បច្ចេកទេសកសិកម្ម និងទី៣/ វីធីសាស្រ្តបង្រៀន និងការសម្របសម្រួលជាមួយប្រជាកសិករនៅខេត្តចំនួន ១៧ ដែលមានសកម្មភាពសក្តានុពលកសិកម្ម ។
មន្ត្រីកសិកម្មឃុំ បានប្តេជ្ញាខិតខំជួយគាំទ្រដល់ប្រជាកសិករឱ្យមានភាពកក់ក្ដៅ និងមានជីវភាពធូរធារ តាមរយៈការងារស្នូលចំនួន ៤ រួមមាន៖ ទី១/ កំណត់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាកសិករ, ទី២/ លើកយកបញ្ហា ដើម្បីស្វែងរកដំណោះស្រាយពីស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធ ជូនប្រជាកសិករ, ទី៣/ សម្របសម្រួល និងដឹកនាំរកដំណោះស្រាយជូនប្រជាកសិករ និងទី៤/ គាំទ្រសហគមន៍កសិកម្ម ដើម្បីផ្សារភ្ជាប់ទីផ្សារ ។
កម្មវិធីគោលនយោបាយទី៦ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ក៏ដូចជាការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ កំពុងបន្តនូវវឌ្ឍនភាពឥតឈប់ឈរ ដើម្បីបែងចែកនូវមនុញ្ញផលដោយសមធម៌ជូនដល់ប្រជាកសិករកម្ពុជា ក្នុងបង្កើននូវផលិតផលកសិកម្ម និងកសាងមូលដ្ឋានសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ព្រមទាំងអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់ ក្នុងការត្រៀមលក្ខណៈធានានូវសន្តិសុខ និងសុវត្ថិភាពស្បៀង ដែលជាបញ្ហាប្រឈមរបស់ពិភពលោកនាពេលបច្ចុប្បន្ន ។
គួររំលឹកផងដែរថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានដំណើរការប្រឡងសំណេរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំណែសន្លឹកកិច្ចការ ដែលបាន ប្រព្រឹត្តទៅនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាលបានបញ្ចប់ដោយជោគជ័យ មានវិន័យ បើកចំហរ សណ្តាប់ ធ្នាប់ និងភាពសុក្រឹត ស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងសារព័ត៌មាន ។ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលលើកទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពង់ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្អែកលើ គោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការប្រឡងនាសម័យ ប្រឡងខាងលើ មានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន៣១៧៣ នាក់ (ស្រី១៤៧៤នាក់)ដោយបានប្រើប្រាស់អគារប្រឡងចំនួន៣អគារ និងបន្ទប់ប្រឡងចំនួន៩៣បន្ទប់ ៕
ដោយ ៖ ង៉ាន់ ទិត្យ