រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញដល់មន្ត្រីគយ ខិតខំបំពេញការងារ តាមតារាងលំហូរនីតិវិធីការងារ ដោយប្រកាន់យកអភិក្រម ៤ប្រការ

(កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារ តាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនប្រការ គឺ ទី១-អនុវត្តការងារ ប្រកបដោយវិជ្ជាជីវៈ, ទី២-អនុវត្តការងារជាក្រុម, ទី៣-ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤-មិនត្រូវមើលរំលង កំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធ រវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងដូចនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគាររដ្ឋបាលថ្មីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ របស់កម្ពុជា ដូចបច្ចុប្បន្ន អាចសម្រេចបាន ដោយសារយើងមាន សុខសន្តិភាពពេញផ្ទៃប្រទេស ដែលមកទល់ពេលនេះ មានរយៈពេល ២៥ ឆ្នាំហើយ ដែលនេះ ជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល។ទន្ទឹមនេះ ឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលជារបៀបវារៈ គោលនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយទស្សនវិស័យច្បាស់លាស់ និង វែងឆ្ងាយ សំដៅជំរុញការអភិវឌ្ឍលើគ្រប់វិស័យជាបន្តទៀត ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំពោះសមិទ្ធិផល អគារសាខាគយ និងរដ្ឋាករថ្មី ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នេះ បានបង្ហាញ ឲ្យឃើញនៃវិវត្តផ្លាស់ប្តូរទីកន្លែងធ្វើការ កាន់តែសមរម្យសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករ កាន់តែល្អប្រសើរឡើងថែមទៀត ទោះកាលៈទេសៈ នៃការរាតត្បាតជំងីកូវីដ ១៩ ក៏ដោយ។

លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សមិទ្ធិផលដែលត្រូវសម្ភោធដាក់អោយ ប្រើប្រាស់នាពេលនេះ រួមមាន៖ អគាររដ្ឋបាលទំហំ ២០ម x ២៣ម កម្ពស់ ០២ជាន់ ។ អគារស្នាក់នៅ ទំហំ ៣៧.៣០ម x ៧.៥ម កម្ពស់ ០២ជាន់ ។ ឃ្លាំងស្ដុកទំនិញ ទំហំ ៣០ម x ២០ម កម្ពស់៩.០៨៥ម ។ អាហារដ្ឋាន, អគារស្នាក់នៅសម្រាប់ចុងភៅ និងកម្មករ, ប៉ុស្ដិ៍សន្តិសុខ, រោងម៉ាស៊ីនភ្លើង, ដងទង់ជាតិ, តសំយ៉ាបដំបូលរោងរថយន្ត, ដាំបង្គោលភ្លើង និងដាក់អំពូលភ្លើងបំភ្លឺសាធារណៈអំពីសឡា, តបណ្ដាញទឹកស្អាត, រៀបចំប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង រៀបចំលម្អបរិវេណអគារ និងសួនច្បារ ដាំដើមឈើចម្រុះ តូចធំជាដើម ៕

ដោយ ៖ វ៉េង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner