ពិធីបិទ សន្និបាតមន្ត្រីសង្ឃលើកទី៣១ ប្រចាំខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្រោយពីបានរៀបចំពិធីផ្សព្វផ្សាយសិក្សាអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យរយៈពេលមួយថ្ងៃកន្លះទទួលបានផ្លែផ្កាជោគជ័យរួចមក នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នៅវត្ត ឧត្ដមរត្យារាមត្រពាំងថ្មស្រុកភ្នំ ស្រុក បានធ្វើពិធីបិទមហាសន្និបាត មន្រ្ដីសង្ឃប្រចាំឆ្នាំលើកទី៣១ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃ កម្ពុជា និងជា ព្រះប្រធានអគ្គនាយកនៃគណៈធម្មយុត្តិកនិកាយ ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មន្ទីរធម្មការនិងសាសនាខេត្ត ក៏ដូចជាសាលាគណទាំងពីរគណៈនៃព្រះអនុគណទាំង ៩ ស្រុក ក្រុងទាំងមន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តព្រមជាមួយពុទ្ធបរិស័ទទាំងអស់ បានខិតខំយកចិត្តទុកដាក់រួបរួមគ្នាអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបានផ្តល់លទ្ធភាពគ្រប់បែបយ៉ាងធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿជឿជាក់លើប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ ។

លោក បៀវ ថាន បន្តថា ព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍវិស័យហេដ្ឋា សម្ព័ន្ធសង្គមដូចជាស្ពាន វត្តអារាម សាលារៀនមន្ទីរពេទ្យ កាកបាទក្រហម ការងារសង្គម ការងារមនុស្សធម៌និងអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ។

លោក ឃ្លោក នួយ អភិបាលរងខេត្ត និង ឯកឧត្ដម ងួន ស្តេច ភក្តី រដ្ឋលេខាធិការក្រសួង ការនិងសាសនា បានមានប្រសាសន៍ថា វត្តអារាមរួមទាំងព្រះសង្ឃ មិនគ្រាន់តែជាទីស្ថាននិងជាបុគ្គលសម្រាប់តែគោរពសក្ការបូជាប៉ុណ្ណោះ ជាកន្លែងមួយបង្កើតនូវប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ បណ្តុះនូវបញ្ញាជនសម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យផងដែរ ។

យើងសង្កេតឃើញថា សាលារៀនមានទីតាំងជាប់នឹងវត្តដែលបានបង្ហាញឲ្យឃើញថា វត្តអារាមនិងព្រះសង្ឃមានតួនាទីរួមចំណែកក្នុងការកសាងសង្គមជាតិប្រកបដោយសីលធម៌ ចរិយាធម៌ ដើម្បីឲ្យមានការអភិវឌ្ឍសង្គមជាតិសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងមានការគោរពទាមទារឲ្យមានការអភិវឌ្ឍផ្នែកអប់រំសីលធម៌ ចរិយាធម៌ ។

សម្ដេចមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានព្រះបន្ទូលបញ្ជាក់ថា អនុសំវចរមហាសន្និបាតមន្រ្តីសង្ឃ មហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តដែលកំពុងប្រារព្ធធ្វើនាពេលនេះគឺប្រព្រឹត្តទៅប្រកបដោយសាមគ្គីភាពដ៏ទូលំទូលាយ ស្និទ្ធស្នាល និងវិស័យនៃព្រះពុទ្ធសាសនា ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាយើងកំពុងរស់នៅក្នុងប្រទេសមួយពោរពេញទៅដោយសុខសន្តិភាព វិបុលភាព សុភមង្គល និងសិទ្ធិសិរីភាព ខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ៕

ដោយ៖ឃិន គន្ធា

ads banner