ឯកឧត្តម ឌិត ទីណា ៖ គោលនយោបាយរបស់ក្រសួងកសិកម្ម ផ្ដោតសំខាន់លើសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅទីស្តីការក្រសួងកសិកម្ម ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលនយោបាយរបស់ក្រសួង ដែលផ្ដោតសំខាន់លើសន្តិសុខស្បៀង ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ទាក់ទងនឹងការងារនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមឱ្យមានការសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដោយមានផែនការច្បាស់លាស់ ដោះស្រាយបញ្ហាប្រឈមរួមគ្នា ហើយប្រការចាំបាច់ត្រូវមានភាពជាម្ចាស់ការពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យមានការសិក្សា ពិនិត្យឱ្យបានច្បាស់លាស់ រវាងការអភិរក្ស និងអភិវឌ្ឍន៍ ឱ្យដើរទន្ទឹមគ្នានៅក្នុងវិស័យកសិកម្ម។ ចំពោះការប្រឈមនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យរៀបចំការសិក្សា និងពិនិត្យលទ្ធភាពនៃការស្តុកទឹកទុកនារដូវវស្សាសម្រាប់ការធ្វើស្រែពេញមួយឆ្នាំរបស់ប្រជាកសិករ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគោលនយោបាយអាទិភាព ក្នុងការកសាងសហគមន៍ទំនើបដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការផលិតទ្រង់ទ្រាយធំ និងធ្វើឱ្យប្រសើរក្នុងខ្សែច្រវ៉ាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ សម្រាប់វិស័យកសិកម្មដែលមានលក្ខណៈសេដ្ឋកិច្ច និងមានទីផ្សារច្បាស់លាស់៕
ប្រភព ៖ ក្រសួងកសិកម្ម