ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ១០គ្រួសារ រស់នៅស្រុកគៀនស្វាយ ខេត្តកណ្តាល ទទួលបានការចុះកិច្ចព្រមព្រៀងគ្នា ក្រោមការសម្របសម្រួលរបស់ រដ្ឋមន្រ្តីក្រសួង អធិការកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសម្របសម្រួលករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាមួយលោក កុក ថេង អ្នកទិញដីពីឈ្មោះ តន់ ចន្ថា ដីមានទីតាំងស្ថិតនៅចំណុចក្រោយទួលម៉ុងចិន និងក្រោយប្រឡាយ១០០០ ឃុំដីឥដ្ឋ (បច្ចុប្បន្នឃុំកំពង់ស្វាយ) ស្រុកគៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំទទួលបន្ទុក ការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ និងភាគីដើមបណ្តឹង ភាគីចុងបណ្តឹង កាលពីរសៀលថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រសួងបានទទួលពាក្យបណ្តឹងពីឈ្មោះ ហួត សានី និងឈ្មោះ លុយ កែវហេង (តំណាងប្រជាពលរដ្ឋចំនួន ១០គ្រួសារ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល) ប្តឹងឈ្មោះ តន់ ចន្ថា ឈ្មោះ កុក ថេង និងអាជ្ញាធរស្រុក មានលោកមេឃុំកំពង់ស្វាយ និងមន្រ្តីសុរិយោដីស្រុកគៀនស្វាយ ថាបានឃុបឃិតគ្នាយកដីរបស់ពួកគាត់ទំហំ ៩ហិចតា ស្ថិតនៅក្រោយទួលម៉ុងចិន និងចំណុចក្រោយប្រឡាយ១០០០ នៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល យកទៅលក់ ហើយបន្ទាប់ពីទទួលបានពាក្យបណ្តឹង ក្រសួងក៏បានចាត់គណៈប្រតិភូចុះអង្កេតស្រាវជ្រាវទៅលើករណីនេះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា បន្ទាប់ពីគណៈប្រតិភូអង្កេតស្រាវជ្រាវ បានធ្វើការចុះអង្កេតស្រាវជ្រាវដល់មូលដ្ឋានទីតាំងដីទំនាស់ជាក់ស្តែង ដោយបានជួបមុខសញ្ញាពាក់ព័ន្ធ និងប្រមូលបានឯកសារពាក់ព័ន្ធពីអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងបានសិក្សា និងផ្ទៀងផ្ទាត់លើឯកសារពាក់ព័ន្ធដែលប្រមូលបាន ប្រៀបធៀបជាមួយនឹងព័ត៌មាន ដែលគណៈប្រតិភូទទួលបានពីមុខសញ្ញាពាក់ព័ន្ធ សាក្សី ចាស់ព្រឹទ្ធាចារ្យ គណៈប្រតិភូរកឃើញថា ភាគីទាំងពីរមានចំណុចខ្វះខាតរៀងៗខ្លួន ទើបគូភាគីយល់ព្រមទទួលយកការសម្រុះសម្រួលរបស់ក្រសួងអធិការកិច្ច ដោយឈរលើយុទ្ធសាស្រ្តឈ្នះ ឈ្នះ។

នាឱកាសនោះដែរ គូភាគីក៏បានព្រមព្រៀងគ្នាបង្កើតកិច្ចព្រមព្រៀង ក្រោមការសម្រុះសម្រួលរបស់ ឯកឧត្តមរដ្ឋមន្រ្តី ជាលទ្ធផលគូភាគីបានស្ម័គ្រចិត្តបញ្ចប់វិវាទជាមួយគ្នា លើដីវិវាទដែលបានវាស់ជាក់ស្តែងទំហំ ៨៥ ៤៥៩ម៉ែត្រការ៉េ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល តាមរយៈការធ្វើសម្បទានឱ្យគ្នាទៅវិញទៅមកដោយឈរលើយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ក្រោមការសម្រុះសម្រួលរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner