ចំនួនអ្នកស្លាប់កើនដល់ ១៤នាក់ ដោយសារទឹកជំនន់ និងបាក់ដីនៅហ្វីលីពីន

ម៉ានីល៖ តួលេខផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដី និងទឹកជំនន់ បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសហ្វីលីពីន ក្នុងសប្តាហ៍កន្លងទៅ កើនឡើងដល់១៤នាក់។

ទឹកភ្លៀងបានវាយលុកខ្លាំងទៅលើផ្នែកខ្លះនៃកោះមីនដាណាវ ដែលជាកោះធំទី២របស់ប្រទេសហ្វីលីពីន អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ បង្ខំមឱ្យនុស្សរាប់ម៉ឺននាក់ភៀសខ្លួនទៅរកទីទួលសុវត្ថិភាព និងជម្រកសង្គ្រោះបន្ទាន់។ ទឹកជំនន់បានរីករាលដាលនៅក្នុងខេត្តមួយចំនួន ដែលនៅជាប់នឹងខេត្ត Agusan del Sur បណ្តាលអោយលិចភូមិ និងដំណាំអ្នកស្រុក។

មន្ត្រីព័ត៌មានខេត្តម្នាក់ឈ្មោះ Fe Maestre និយាយថា ខ្ញុំមិនធ្លាប់ជួបប្រទះភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរបែបនេះពីមុនមកទេ។ រីឯអ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត លោក Alexis Cabardo បានប្រាប់វិទ្យុក្នុងស្រុកនៅថ្ងៃសៅរ៍នេះថា វាអាចចំណាយពេល៥ឬ ៦ថ្ងៃ ដើម្បីឱ្យទឹកជំនន់ស្រកវិញ ប៉ុន្តែទឹកនៅតែហូរកាន់តែច្រើនចុះពីខេត្ត Davao de Oro ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា ហ្វីលីពីនជាប្រទេសមួយជាប់ឈ្មោះលើតារាង ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត ចំពោះផលប៉ះពាល់បង្កឡើងពីការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner