ភ្លើងឆេះព្រៃនៅឈីលី ឆក់យកជីវិតមនុស្ស ៤៦នាក់

សាន់ត្យាហ្គោ៖ ក្រុមមន្ត្រីឈីលី នៅថ្ងៃសៅរ៍នេះនិយាយថា ភ្លើងឆេះព្រៃទូទាំងប្រទេសឈីលី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦នាក់ ខណៈដែលអណ្តាតភ្លើងនៅតែបន្តឆេះរីករាលដាល។

ប្រធានាធិបតីឈីលី លោក Gabriel Boric បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេស ដោយសារគ្រោះមហន្តរាយ នៅចំពោះមុខលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំង និងសីតុណ្ហភាពកើនដល់ ៤០អង្សាសេ ដែលធ្វើឱ្យវិបត្តិនេះកាន់តែធ្ងន់ធ្ងរ។ ទន្ទឹមគ្នា អាជ្ញាធរឈីលីបានដាក់បម្រាមគោចរ ដែលចាប់ផ្តើមនៅម៉ោង ៩យប់ថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីអនុញ្ញាតឱ្យមានការចែកចាយសម្ភារៈចាំបាច់ក្នុងស្ថានភាពអាសន្ន ជាពិសេសប្រេងឥន្ធនៈ ចូលទៅក្នុងតំបន់ដែលរងផលប៉ះពាល់។

គិតត្រឹមព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឈីលី លោកស្រី Carolina Toha និយាយថា មានភ្លើងឆេះព្រៃសកម្មចំនួន៩២ ហើយផ្ទៃដីប្រហែល ៤៣,០០០ហិកតា ត្រូវបានភ្លើងឆាបឆេះនៅទូទាំងប្រទេសឈីលី។ ក្រុមអ្នកពន្លត់អគ្គីភ័យនៅតែកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃចំនួន ២៩ គិតត្រឹមរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ខណៈដែលភ្លើងឆេះព្រៃចំនួន ៤០ ត្រូវបានគ្រប់គ្រង។

ភ្លើងឆេះព្រៃភាគច្រើនកើតឡើងពីរលកកំដៅរដូវក្តៅ និងគ្រោះរាំងស្ងួត ដែលបណ្តាលមកពីបាតុភូតអាកាសធាតុ El Nino ដែលប៉ះពាល់ដល់ផ្នែកខាងត្បូងនៃតំបន់អាមេរិកខាងត្បូង។ ទន្ទឹមគ្នា អ្នកវិទ្យាសាស្ត្រព្រមានថា ការកើនឡើងកំដៅភពផែនដី កំពុងបង្កើនហានិភ័យនៃគ្រោះធម្មជាតិ ដូចជារលកកំដៅក្តៅខ្លាំង និងភ្លើងឆេះព្រៃដ៏កំណាចជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner