ជំងឺគ្រុនឈាមកើនឡើងជាង ៤ដងនៅប្រេស៊ីល មុនពេលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ
ប្រាស៊ីលីយ៉ា៖ ទិន្នន័យរបស់រដ្ឋាភិបាលប្រេស៊ីលនៅថ្ងៃសៅរ៍បានឱ្យដឹងថា ចំនួនអ្នកកើតជំងឺគ្រុនឈាមនៅទូទាំងប្រេស៊ីល គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ស្ទុះឡើងខ្ពស់ជាងបួនដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺមុនពេលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ។
រយៈពេល ៤សប្តាហ៍ដំបូងនៃឆ្នាំ២០២៤ អ្នកកើតជំងឺគ្រុនឈាមមានចំនួន ២៦២,២៤៧ករណី កើនឡើងជាង ៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានត្រឹមតែ ៦៥,៣៦៦ករណីប៉ុណ្ណោះ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលប្រេស៊ីល។
កាលពីពីរសប្តាហ៍មុន រដ្ឋាភិបាលប្រេស៊ីលក៏បានប្រកាសផងដែរ អំពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការឥតគិតថ្លៃ នៅខែកុម្ភៈខាងមុខនេះ ដែលកំណត់គោលដៅលើមនុស្ស ៣.២លាននាក់ ដោយផ្តល់អាទិភាពដល់កុមារមានអាយុចាប់ពី ១០ ទៅ ១៤ឆ្នាំ ជាក្រុមជនងាយរងគ្រោះមានចំនួនសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្ពស់បំផុត។
ក្រសួងសុខាភិបាលប្រេស៊ីលនិយាយថា វ៉ាក់សាំងចាក់ជូនប្រជាជនមានចំនួនកំណត់ ដោយសារតែកង្វះការផ្គត់ផ្គង់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការ គឺក្រុមហ៊ុនឱសថជប៉ុន Takeda។ ទោះបីជាយ៉ាងណា ប្រទេសមានប្រជាជនចំនួន ២០៣លាននាក់មួយនេះរំពឹងថា នៅឆ្នាំ២០២៤ ខ្លួននឹងទទួលបានវ៉ាក់សាំងចំនួន ៦.៥លានដូស ក្នុងចំណោមពីរដូស ដើម្បីចាក់ដល់កុមារ។
បើតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺគ្រុនឈាមបង្កឡើងពីសត្វមូស បានចម្លងដល់មនុស្សប្រមាណពី ១០០លានទៅ៤០០លាននាក់ ក្នុងមួយឆ្នាំនៅជុំវិញពិភពលោក ទោះបីជាករណីភាគច្រើនមានលក្ខណៈស្រាល ឬមិនមានរោគសញ្ញាក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា