កាកបាទក្រហមកម្ពុជា សម្ពោធឱ្យប្រេីប្រាស់ និងប្រគល់សួនសុវត្ថិភាពចរាចរណ៍ រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ជូនវិទ្យាល័យចំនួន២ ក្នុងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានសម្ពោធឱ្យប្រើប្រាស់និងប្រគល់សួនសុវត្ថិភាពចរាចរណ៍ (ទី២ និងទី៣ ) រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដែលជាការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដែលស្ថិតក្នុងខេត្តព្រះសីហនុ ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណចំពោះនាយកសាលា និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យទាំងពីរ ដែលបានសហការរៀបចំកម្មវិធីឱ្យមានសួនសុវត្ថិភាពចរាចរណ៍នៅក្នុងបរិវេណសាលារៀន ដើម្បីជាការរំលឹកដល់សិស្សានុសិស្សទាំងអស់ឱ្យមានការចងចាំ ក្នុងការចូលរួមគោរពស្លាកសញ្ញាចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

លោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីគុណតម្លៃនៃកម្មវិធីនាពេលនេះ គឺបានបង្ហាញពីសារប្រយោជន៍នៃការយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា ប៉ុន្តែយើងអាចទប់ស្កាត់បាន យេីងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្តែង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ភាគច្រេីន គឺបង្កឡេីងដោយមនុស្ស ដោយសារមិនគោរពច្បាប់ចរាចរណ៍ ហេតុដូចនេះ លោកជំទាវ បានអំពាវនាវដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានទទួលការយល់ដឹងពីសុវត្ថិភាពចរាចរណ៍នេះហើយ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវធ្វើជាមិត្តអប់រំមិត្ត ផ្សព្វផ្សាយបន្តដល់មិត្តភក្តិ បងប្អូន និងក្រុមគ្រួសារ ដើម្បីជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា បានប្រគល់ជូនវិទ្យាល័យនីមួយៗ រួមមាន ៖ រនាំងសុវត្ថិភាពចរាចរណ៍ចំនួន២, ផូស្ទ័រមួកសុវត្ថិភាព២០០សន្លឹក, បណ្ណប្រកាសមួកសុវត្ថិភាព ២.០០០សន្លឹក, ចំណាំងផ្លាត់៤០០សន្លឹក, មួកសុវត្ថិភាពចំនួន១០ និងសម្ភារសិក្សាចំនួន ៥០កញ្ចប់ សម្រាប់យុវជនប្រើប្រាស់ពេលចុះអប់រំការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជូនមិត្តរួមវិទ្យាល័យ និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ បានប្រគល់មួកសុវត្ថិភាពជូនលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ ១០នាក់ និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ១០នាក់ផងដែរ ។

គួររំលឹកថា ៖ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញការព្រួយបារម្ភខ្លាំង និងចាត់អាទិភាពក្នុងការដោះស្រាយ និងទប់ស្តាត់ឱ្យមកនូវកម្រិតអប្បបរិមាទាបបំផុត។ ក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បាន បង្កឱ្យមានមនុស្សស្លាប់ ១៥៩០នាក់ (គិតជាមធ្យមក្នុង១ថ្ងៃ មានមនុស្សស្លាប់៥នាក់ និង១៣នាក់ផ្សេងទៀតរបួសធ្ងន់)។ មូលហេតុដែលធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺ បើកបរលើសល្បឿន ៤១%, មិនគោរពសិទ្ធិអាទិភាព ២២%, មិនប្រកាន់ស្តាំ ៩%, ជែងក្នុងស្ថានភាពគ្រោះថ្នា ក់៧%, បត់មិនប្រយ័ត្ន ៩%, ស្រវឹង ៣%, និងងងុយ ១%។

ហេតុដូចនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍នាពេលនេះ គឺដើម្បីផ្តល់ចំណេះដឹងដល់យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូ យល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ក្រមសីលធម៌ក្នុងការបើកបរ ចេះគោរពអ្នកដ៏ទៃពេលបើកបរដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងបណ្តុះបណ្តាលយុវជនកាកបាទក្រហមកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអនុវត្តសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា អនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែទូលាយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% នៅចុងឆ្នាំ២០៣០ តាមផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ២០២១-២០៣០៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner