ព្រឹទ្ធសភាអាមេរិកគ្រោងនឹងប្រជុំសម្រេចលើជំនួយថ្មី ដល់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ

ព្រឹទ្ធសភានៃសហរដ្ឋអាមេរិកគ្រោង នឹងបើកសម័យប្រជុំ នាថ្ងៃពុធ សប្តាហ៍នេះ ដើម្បីពិភាក្សា ដេញដោល មុនពេលសម្រេចលើសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីមួយទាក់ទងនឹងការទម្លាក់កញ្ចប់ថវិកាថ្មី ជាង១១០ពាន់លានដុល្លារ ក្នុងនោះ ក៏មានសម្រាប់ប្រទេសអ៊ុយក្រែន ចំនួន៦០ពាន់លានដុល្លារផងដែរ។

មន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភាអាមេរិកបានអះអាងថា ព្រមព្រៀងថ្មីនេះ ដែលគេរំពឹងទុកខ្ពស់ថា នឹងដោះស្រាយភាពជាប់គាំងលើការផ្តល់ជំនួយថ្មី សម្រាប់ប្រទេសអ៊ុយក្រែន។

ព្រឹទ្ធសមាជិក លោកស្រី Patty Murray ដែលជាប្រធានគណៈកម្មាការទទួលបន្ទុកលើសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ បានលើកឡើង កាលពីថ្ងៃអាទិត្យថា នេះគឺជា «ច្បាប់បន្ថែមសន្តិសុខជាតិ» ដែលមានការផ្តល់ថវិកាសរុបចំនួន ១១៨.៣ ពាន់លានដុល្លារ។ ក្នុងនោះដែរ ក៏រួមមានទាំងថវិកា ៦០ពាន់លានដុល្លារសម្រាប់ជំនួយដល់ប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយសង្រ្គាមផងដែរ ពោលគឺស្របនឹងសំណើរបស់សេតវិមាន។

បើតាមលោកស្រី ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ រូបនេះ បានឲ្យដឹងទៀតថា ក្នុងចំណោមកញ្ចប់សរុបទាំងនោះ ក៏មាន ១៤.១ ពាន់លានដុល្លារ ជាជំនួយសន្តិសុខ ដល់ប្រទេសអ៊ីស្រាអែលទៀតផង។ ក្រៅពីនេះ ក៏មាន ២០.២ ពាន់លានដុល្លារសម្រាប់ដោះស្រាយបបញ្ហាព្រំដែន នៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះ ត្រូវឆ្លងកាត់សមាជិកព្រឹទ្ធសភា ដែលគ្រោងនឹងត្រូវប្រជុំពិភាក្សា ដេញដោលលើរឿងនេះ លើកដំបូង នាថ្ងៃពុធ សប្តាហ៍នេះ។

គួរបញ្ជាក់ថា ពួកសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ តែងតែជំរុញឲ្យបញ្ចៀសសំណើផ្តល់មូលនិធិរបស់ប្រធានាធិបតីអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន។ ការជំទាស់របស់ពួកគេនេះបានធ្វើឲ្យជំនួយថ្មីរបស់អាមេរិក សម្រាប់អ៊ុយក្រែនបានជាប់គាំង។ រាប់ខែមកនេះ ពួកគេបានទទូចឲ្យរដ្ឋាភិបាល ពង្រឹងនិងផ្តោតលើបញ្ហាសន្តិសុខតាមព្រំដែន នៅសហរដ្ឋអាមេរិក វិញប្រសើរជាង ពោលគឺទាក់ទងនឹងលំហូរជនអន្តោប្រវេសន៍ ពីប្រទេសម៉ិចស៊ីក៕ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner