លោក Zelensky ចុះសួរសុខទុក្ខទាហានជួរមុខ ចំពេលមេទ័ពអ៊ុយក្រែនមានប្រជាប្រិយម្នាក់ អាចនឹងត្រូវបណ្តេញចេញ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែននៅជួរមុខ ហើយបានប្រគល់មេដាយដល់ពួកគេផងដែរ។ ជាការចុះជួប ចំពេលមានព័ត៌មានច្បាស់ការណ៍ថា មេទ័ពដ៏មានប្រជាប្រិយម្នាក់ អាចនឹងត្រូវបណ្តេញចេញក្នុងពេលឆាប់ៗនេះ។

ក្នុងពេលមានវត្តមាននៅតំបន់ Zaporizhzhya កាលពីថ្ងៃអាទិត្យ លោក Zelensky បាននិយាយថា លោកទៅទីនោះ គឺដើម្បីគាំទ្រ និងផ្តល់រង្វាន់ដល់ទាហាន ដែលលោកហៅថា «អ្នកចម្បាំងរបស់អ៊ុយក្រែន»។ លោកបានបន្តថា ទាហានជួរមុខទាំងនេះប្រឈមមុខនឹងបេសកកម្មដ៏លំបាក ដើម្បីវាយបកលើសត្រូវ និងការពារប្រទេសអ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីទៅកាន់សមរភូមិជួរមុខនេះ កើតឡើងចំពេលមានភាពមិនប្រាកដប្រជាអំពីជោគវាសនារបស់លោកមេទ័ព Valery Zaluzhny ។ ថ្មីៗនេះ មានព័ត៌មានចង្អុលបង្ហាញថា រដ្ឋាភិបាលអ៊ុយក្រែនបានជូនដំណឹងដល់សេតវិមាន អំពីផែនការបណ្តេញមេបញ្ជាការយោធាកំពូលរបស់ប្រទេស ដែលមើលការខុសត្រូវលើសង្គ្រាមប្រឆាំងនឹងកងកម្លាំងកាន់កាប់របស់រុស្ស៊ី។ គេជឿថា ជាការប៉ុនប៉ងបណ្តេញ លោក Zaluzhny។ មេទ័ពរូបនេះធ្លាប់បានប៉ះទង្គិចជាមួយ លោក Zelensky លើបញ្ហាជាច្រើន បន្ទាប់ពីអ៊ុយក្រែនបានបើកការវាយលុក កាលពីឆ្នាំមុន ហើយពេលនោះ បរាជ័យក្នុងការដណ្តើមយកទឹកដីភាគច្រើន ដែលគ្រប់គ្រងដោយរុស្ស៊ីមកវិញ។

ក្នុងករណីដែលលោក Zaluzhny ត្រូវបានបណ្តេញចេញមែន គេជឿថា អាចនឹងប៉ះពាល់ដល់ការប្រយុទ្ធដណ្តើមការកាន់កាប់ទីតាំងនៅតាមបណ្តោយជួរមុខជាង១ពាន់គីឡូម៉ែត្រ ដែលពួកគេកំពុងប្រយុទ្ធជាមួយទាហានរុស្ស៊ីនោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner