ប្រធានាធិបតីអាមេរិកថា ការវាយប្រហារតាមអាកាសកំពុងដំណើរការ សំដៅលើការសងសឹកអ៊ីរ៉ង់

វ៉ាស៊ីងតោន ឌីស៊ី៖ លោក ចូ បៃឌិន ប្រធានាធិបតីនៃសហរដ្ឋអាមេរិកបានបញ្ជាក់ដោយខ្លី ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសកំពុងដំណើរការ ខណៈដែលសហរដ្ឋអាមេរិកសងសឹកនឹងអ៊ីរ៉ង់ ចំពោះការបាត់បង់ជីវិតទានហានអាមេរិក ៣នាក់ នាពេលថ្មីៗនេះ។

លោក បៃឌិន បានឆ្លើយតបនឹងសំណួររបស់អ្នកកាសែតបែបនេះ នៅអំឡុងពេលកំពុងចុះពីលើយន្តហោះ Air Force One នៅឯអាកាសយានដ្ឋានអន្តរជាតិ Harry Reid ក្នុងទីក្រុង Las Vegas រដ្ឋ Nevada។

នៅពេលដែលត្រូវសួរដោយអ្នកយកព័ត៌មានថា «តើការវាយប្រហារតាមអាកាសកំពុងដំណើរការដែរឬទេ?» លោក Biden បានឆ្លើយថា «បាទ កំពុងដំណើរការហើយ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបាននិងកំពុងចាប់ផ្តើមការវាយប្រហារ ជាបន្តបន្ទាប់ ប្រឆាំងនឹងក្រុមជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ការវាយប្រហារ ដោយមានការតាំងខ្ពស់នេះ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារ កាលពីថ្ងៃទី ២៨ ខែមករា មកលើមូលដ្ឋានទ័ពអាមេរិក នៅជិតព្រំដែនប្រទេសហ្ស៊កដានី ជាមួយប្រទេសស៊ីរី។ នៅពេលនោះ បណ្តាលឲ្យទាហានអាមេរិក ចំនួនបីនាក់ បានបាត់បង់ជីវិត។

មន្ទីរបញ្ចកោណបានឱ្យដឹងថា គោលដៅសរុបចំនួន ៨៥ នៅក្នុងទីតាំងចំនួន ៧ នៅប្រទេសស៊ីរី និង នៅប្រទេសអ៊ីរ៉ាក់ ត្រូវបានវាយប្រហារ រួមទាំងទីបញ្ជាការដ្ឋាននានា និងមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់ និងឃ្លាំងផ្ទុកយន្តហោះគ្មានមនុស្សបើក និងមីស៊ីលទៀតផង នាពេលថ្មីៗនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner