សួនវប្បធម៌ សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ សាងសង់សម្រេចបាន ៨០ភាគរយ

(តាកែវ)៖ ការសាងសង់ សួនវប្បធម៌ សម្ដេចវិបុលបញ្ញា សុខអាន គិរីវង់ ស្ថិតនៅក្នុងស្រុកគីរីវង្សខេត្ត តាកែវ សម្រេចបានប្រមាណ ៨០ ភាគរយ ហើយ។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ រួមជាមួយ ឯកឧត្តម សុខ សូកាន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានដឹកនាំគណប្រិតភូអមដំណើរ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃ បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាលជាមួយ អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អញ្ជើញមកពីស្រុកចំនួន៣ នៅសាលប្រជុំគណបក្សស្រុកគិរីវង់រួចមក។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចវិបុលបញ្ញា សុខ អាន ដោយសម្តេចវិបុលបញ្ញា បានចូលរួមអភិវឌ្ឍន៍ជាតិ មាតុភូមិជាមួយប្រមុខថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍លើគ្រប់ផ្នែកគ្រប់វិស័យ និយាយជារួមនៅទូទាំងប្រទេស និងនិយាយដោយឡែកនៅក្នុងខេត្តតាកែវ ដែលសម្តេចបានខិតខំអភិវឌ្ឍន៍ កសាងនូវសមិ្មទ្ទិផលសំខាន់ៗ ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

សូមជម្រាបជូនដែរថា សួនវប្បធម៌នេះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅជាប់អាងទឹកទន្លាប់ ស្ថិតនៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ សួននេះត្រូវបានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នបាននឹងកំពុងបន្តសាងសង់ ហើយនឹងបញ្ចប់ជំហានដំបូងនៅក្នុងពេលដ៏ខ្លីខាងមុខនេះ សូមបញ្ជាក់ផងដែរ អគារបណ្ណាល័យសារមន្ទីមួយក៏នឹងត្រូវកសាងក្នុងជំហានបន្ទាប់ផងដែរ។

ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋនៅក្នុងស្រុកគិរីវង់ តែងតែមកកម្សាន្ត ហាត់ប្រាណ លេងកីឡា និងផ្ដិតយករូបភាពស្រស់ស្អាត នៃសួននេះមិនដែលអាក់ខានឡើយ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងសួនវប្បធម៌នេះមានជាអាទ៍៖ កន្លែងហាត់ប្រាណសម្រាប់ប្រជាជនវ័យចំណាស់, ទីលានកីឡា (បាល់ទាត់ បាល់ទះ បាល់បោះ និងប៉េតង់), សួនកុមារ, ដើមឈើប្រណីតនិងកម្រជាច្រើនដើមនិងច្រើនប្រភេទ, ទីធ្លាសម្រាប់អង្គុយលម្ហែកម្សាន្ដទស្សនាទេសភាព ដ៏ស្រស់ត្រកាលនៃបឹងទន្លាប់ និងទេសភាពដ៏ស្រស់ស្អាតរបស់ភ្នំបាយ៉ង់កោរ, ព្រមទាំងមាននូវរោងទូកង (សម្ដេចវិបុលបញ្ញាបារមីមានជ័យ និងគិរីវង់សុខសែនជ័យ) និងរោងពន្លាជ័យ ដែលមានក្បូរក្បាច់រចនាដ៏វិចិត្រតាមរចនាបថខ្មែរ។ ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ក៏ដូចជាខេត្តតាកែវទាំង មូល បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ និងសាទរជាខ្លាំងចំពោះវត្តមាននៃសមិទ្ធផលសួនវប្បធម៌ដ៏ថ្មីស្រឡាងមួយនេះ។

សមិទ្ធផលនេះនឹងជួយលើកកម្ពស់សោភណ្ឌភាពស្រុកគីរីវង់ ឱ្យកាន់តែស្រស់បំព្រង ជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋមូលដ្ឋាន កាន់តែមានភាពល្អប្រសើរឡើង, រឹតចំណងសាមគ្គីភាព និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន, ព្រមទាំងចូលរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការពារបរិស្ថាន និងធម្មជាតិ, ក៏ដូចជាជំរុញការអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យរឹតតែទូលំទូលាយ៕

អត្ថប ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner