ប្រកាសបិទផ្សាយជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលមានភូមិចំនួនបួន ក្នុង សង្កាត់ក្របីរៀល
សៀមរាប៖កាលព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ មន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប បានសហការជា មួយអាជ្ញាធរក្រុងសៀមរាប ប្រកាសបិទផ្សាយជាសាធារណៈនូវ ឯកសារ នៃ ការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានភូមិចំនួនបួនភូមិ គឺភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ ស្ថិតនៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានក្បាលដីសរុបចំនួន ៤៥៧០ ក្បាលដី។
ការបិទផ្សាយនាពេលនេះ មានរយ:ពេល ១៥ថ្ងៃ ការបិទផ្សាយនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តព្រៃផ្តៅ។ អនុប្រធានមន្ទីររៀប ចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប លោក ប៊ូ ជុំសម្បត្តិបានថ្លែងក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យថា ការបិទផ្សាយនេះ ជាលទ្ធផលនៃការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធសំរាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការបិទផ្សាយ និងចេញបណ្ណរួចកន្លងមកបានចំនួន ១០៧ ភូមិហើយ។
អភិបាលរងក្រុងសៀមរាប លោក ខឿន រដ្ឋា បានអរគុណដល់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំធ្វើពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះនិងអំពាវនាវដល់ជម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)៕
ដោយ៖ ស៊ាន សុផាត