ក្រុមតំណាងរាស្ត្របក្សប្រឆាំងនៅប្រទេសសេណេហ្គាល់ ត្រូវបានបណ្តេញចេញពីសភាដោយបង្ខំ

ដាកា៖ ក្រុមសមាជិកសភា មកពីគណបក្សប្រឆាំង នៅប្រទេសសេណេហ្គាល់ ជាច្រើនរូប ត្រូវបានប៉ូលិសបណ្តេញចេញពីសភាជាតិ ដោយបង្ខំ អំឡុងពេលបោះឆ្នោតសម្រេចលើការពន្យាពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងប្រទេស នៃប្លុកអាហ្វ្រិកខាងលិចមួយនេះ។

Read. កាលពីថ្ងៃចន្ទ ពួកសមាជិកសភានៃប្រទេស សេណេហ្គាល់ បានបោះឆ្នោតពន្យារពេលការបោះឆ្នោតប្រធានាធិបតី ដែលពីមុន ធ្លាប់គ្រោងថា នឹងប្រព្រឹត្តទៅ នៅក្នុងខែនេះ ក៏ប៉ុន្តែបានសម្រេចថា នឹងត្រូវពន្យារពេល រហូតដល់ថ្ងៃទី ១៥ ខែធ្នូ នេះបើយោងតាមអ្នកកាសែត AFP ដែលបានមានវត្តមាន នៅនឹងកន្លែងកើតហេតុ។

ប្រធានរដ្ឋសភាជាតិបានប្រកាសថា សមាជិកសភាបានអនុម័ត «វិធានការនេះ» បន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំងជាច្រើនរូបត្រូវបានប៉ូលិសបណ្តេញចេញ ពីទីនោះ។

គេបានដឹងថា ច្បាប់នេះមានប្បញ្ញត្តិ ដែលអនុញ្ញាតឲ្យ ប្រធានាធិបតីនៃប្រទេសសេណេហ្គាល់ គឺលោក Macky Sall បន្តកាន់តំណែង រហូតដល់អ្នកស្នងតំណែងរបស់លោក ត្រូវបានរៀបចំរួចរាល់។

អំឡុងពេលជជែកដេញដោលនៅក្នុងសភា នាពេលនេះ មានសេចក្តីរាយការណ៍អំពីការលើកឡើងរបស់សមាជិកសភានៃបក្សប្រឆាំង គឺលោក Abass Fall ដែលបាននិយាយថា «សូមកុំឱ្យមានភាពអាម៉ាស់ នៅក្នុងសភា..យើងចាកចេញ ដោយមោទនភាព»។

ភាពចលាចលក្នុងសភា ដែលមិនធ្លាប់មានពីមុនមកបែបនេះ បានបង្កឱ្យមានការព្រួយបារម្ភពីអន្តរជាតិ លើប្រទេសដែលអាចបង្ហាញពីសញ្ញានៃស្ថិរភាព នៅអាហ្វ្រិកខាងលិច៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner