ផ្ទុះបាតុកម្មនៅឡេតូនី ទាមទារហាមឃាត់ការនាំចូលស្បៀងអាហារពីរុស្ស៊ី

រីហ្គា៖ កសិកររាប់ពាន់នាក់បានលើកគ្នាតវ៉ានៅទូទាំងប្រទេសឡេតូនី នៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីអំពាវនាវឱ្យហាមឃាត់នាំចូលគ្រាប់ធញ្ញជាតិ និងស្បៀងអាហាររបស់រុស្ស៊ីចូលទីផ្សារសហភាពអឺរ៉ុប។

លោក Juris Lazdins ដែលជាអ្នករៀបចំបាតុកម្មនេះនិយាយថា សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យនាំចូលគ្រាប់ធញ្ញជាតិប្រឡាក់ឈាមពីរុស្ស៊ី ចូលទីផ្សាររួមរបស់យើង ហើយដឹកជញ្ជូនតាមកំពង់ផែ និងស្ថានីយនានារបស់អឺរ៉ុប។

លោកថា ដៃម្ខាង យើងជួយអ៊ុយក្រែន ប៉ុន្តែដៃម្ខាងទៀត យើងអនុញ្ញាតឱ្យប្រទេសឈ្លានពាននេះ លួចយកគ្រាប់ធញ្ញជាតិនៅអ៊ុយក្រែន មកលក់វានៅអឺរ៉ុប ដើម្បីទទួលបានប្រាក់ចំណេញច្រើន។ដូច្នេះពួកយើងទាមទារឱ្យហាមឃាត់នាំចូលស្បៀងអាហារពីរុស្ស៊ី ដើម្បីកាត់ផ្តាច់ហិរញ្ញប្បទានដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ពួកគេនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីកសិកម្មឡេតូនី លោក Armands Krauze ប្រាប់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះថា យើងកំពុងធ្វើការលើបញ្ហានេះ… ខ្ញុំខ្លួនឯងក៏ជាកសិករដែរ… ខ្ញុំយល់ពីអារម្មណ៍របស់ពួកគេ។ ប៉ុន្តែលោកមិនបានកំណត់កាលបរិច្ឆេទសម្រាប់ការធ្វើកំណែទម្រង់ទេ។ក្រុមអ្នកតវ៉ាទាមទារលទ្ធផលដែលអាចមើលឃើញភ្លាមៗ ហើយគ្រោងនឹងដើរឆ្ពោះទៅរដ្ឋធានី រីហ្គា ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានដោះស្រាយនៅត្រឹមថ្ងៃទី១២ ខែកុម្ភៈ។

គួរបញ្ជាក់ថា ឡេតូនី គឺជាប្រទេសនាំចូលផលិតផលកសិកម្មរុស្សីដ៏សំខាន់ រួមទាំងគ្រាប់ធញ្ញជាតិ និងគ្រាប់ធញ្ញាជាតិប្រេង។ ហើយការតវ៉ាខាងលើនេះ ធ្វើឡើងនៅក្នុងទីក្រុងចំនួន១៦ ជាមួយនឹងការទាមទារជាច្រើនផ្សេងទៀត រួមទាំងការកាត់ការិយាធិបតេយ្យសម្រាប់កសិករ និងការកាត់បន្ថយពន្ធលើតម្លៃបន្ថែមលើផ្លែឈើ និងផ្លែប៊ឺរីដែលដាំដុះក្នុងស្រុកផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner