ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសសើរ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ បំពេញតួនាទី ភារកិច្ចបានយ៉ាងល្អនិងជោគជ័យ

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អ និងជោគជ័យ គួរជាទីមោទនៈ នាឆ្នាំ២០២៣កន្លងមក ។

ឯកឧត្តម ម៉ប់ សារិន សូមឱ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃ រដ្ឋបាលរាជធានីភ្នំពេញ បន្តបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទៅខណ្ឌ សង្កាត់ទាំង ១០៥ ដើម្បីអោយមន្ត្រីរបស់យើងអនុវត្តការងារ ដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ។

លោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែមានភាពរឹងមាំ គឺពិតជាបានមកពីការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល ពិសេសនៅពេលមានគ្រោះអាសន្នណាមួយកើតឡើង ។

លោកស្រី កែវ រ័ត្នតារា ក៏បានលើកឡើងពីលទ្ធផលការងារដែលគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ សម្រេចបាននាឆ្នាំ២០២៣កន្លងមក ដែលមានទាំងការប្រជុំពង្រឹងសមត្ថភាពនៅខណ្ឌទាំង១៤ និងសង្កាត់ទាំង ១០៥ បានរៀបចំវេទិកាពីគ្រោះយោបល់ ជាមួយនិងការចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋជាដើម ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner