សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តកម្មវិធីជំនួយសង្គម និង កិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់ក្រសួងសង្គមកិច្ច និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យបន្តជំរុញការអនុវត្តកម្មវិធីជំនួយសង្គម និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍បែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

នៅក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដោយបានផ្តល់អនុសាសន៍ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឱ្យបន្តជំរុញការអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ដែលមានវិសាលភាពគ្របដណ្តប់គ្រប់អ្នកទទួលផលទាំងអស់ ឱ្យទទួលបានលទ្ធផលតាមផែនការដែលបានគ្រោងទុក ។

សម្តេចធិបតី បានបន្តថា កត្តាចម្បង គឺការមានទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ តាមរយៈការបន្តអនុវត្តនូវគោលនយោបាយជំនួយសង្គម និងការរៀបចំប្រព័ន្ធអន្តរាគមន៍នានា ហើយជាចក្ខុវិស័យរយៈពេលវែង របស់រាជរដ្ឋាភិបាល គឺការបន្តពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឱ្យកាន់តែរឹងមាំ សំដៅផ្តល់ការគាំពារជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពីអសន្តិសុខប្រាក់ចំណូល ក្នុងអំឡុងពេលប្រឈមនឹងហានិភ័យនានា ដែលអាចកើតមានឡើងនៅក្នុងវដ្ដជីវិតនីមួយៗ តាមរយៈការបន្តពង្រីកវិសាលភាពរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់ ទៅកាន់ក្រុមពលរដ្ឋដែលមិនទាន់ទទួលបានការគាំពារ ព្រមទាំង ពិនិត្យលទ្ធភាពដាក់ចេញនូវរបប ឬកម្មវិធីថ្មីៗ ទៅតាមភាពជាក់ស្តែងនៃការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ច ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមប្រឹក្សាជាតិគាំពារសង្គម, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ចំពោះកិច្ចសហប្រតិបត្តិការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពតាមអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងបានកំពុងចូលរួមកែលម្អវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅជំរុញភាពធន់នៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការគាំពារគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ នៅកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner