កម្មវិធី ប្រឡងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានបញ្ចប់ដោយជោគជ័យ

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជាគ្រូបង្រៀនឱ្យបម្រើការក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ដំណើរការនៃការប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈឆ្នាំ២០២៤ ប្រកបដោយវិន័យ សណ្តាប់ធ្នាប់ និងសុក្រឹតភាព ស្ថិតក្រោមការតាមដានមើលរបស់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ននិងប្រសិទ្ធភាព ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ ដែលអប្សរា ទទួលបាននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

នៅក្នុងសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ដំណើរការប្រឡងវិញ្ញាសាសំណេរ បានប្រព្រឹត្តទៅនាសម័យប្រឡងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានបេក្ខជនប្រឡងចំនួន ១៧៤៦ នាក់ និងបេក្ខជនអវត្តមាន ១៤៦ នាក់ (ស្រី៤៦ នាក់) ហើយដំណើរការកែសន្លឹកកិច្ចការ បានប្រព្រឹត្តទៅនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ចាប់ពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ សម្រាប់ការប្រឡងវិញ្ញាសាអនុវត្តន៍កីឡាបានចាប់ផ្តើមពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយមានបេក្ខជនប្រឡងចំនួន ១៧២៤ នាក់ និងបេក្ខជនអវត្តមាន១៦៨ នាក់ (ស្រី ៥៣ នាក់) ។

គណៈកម្មការ បានបូកស្រង់ពិន្ទុដោយធ្វើការរៀបលំដាប់ពិន្ទុពីធំទៅតូច និងតាមទីកន្លែងបំពេញការងារ ដែលបេក្ខជនបានជ្រើសរើសនៅពេលដាក់ពាក្យប្រឡងប្រជែង។ លទ្ធផលបេក្ខជនជាប់ជាស្ថាពរ ១០០នាក់ ដោយក្នុងចំណោមនោះ៖ កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ៧៥ នាក់ (ស្ត្រី ០៧ នាក់) បែងចែកក្នុងខេត្ត ចំនួន ២០ ក្នុងនោះ ទៅវិទ្យាល័យចំនួន២១ និងអនុវិទ្យាល័យ ៥៤ ទីតាំង និងកម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ២៥ នាក់ ( ស្ត្រី ០១ នាក់) បែងចែកក្នុងខេត្តចំនួន១៣ ក្នុងនោះ ទៅវិទ្យាល័យចំនួន១៥ និងអនុវិទ្យាល័យ ១០ ទីតាំង ។ បេក្ខជន ១០០ នាក់ដែលបានជ្រើសរើស គឺសម្រាប់ខេត្តគោលដៅចំនួន ២១ ។ គណៈកម្មការ ក៏បានជ្រើសរើសបេក្ខជនជាប់បម្រុងចំនួន ១០ នាក់ ក្នុង០១ ខេត្ត លើកលែងខេត្តមណ្ឌលគិរី មានបេក្ខជនជាប់បម្រុងចំនួន ០៦ នាក់ និងខេត្តស្ទឹងត្រែងចំនួន ០៨ នាក់។

គណៈកម្មការរៀបចំការប្រឡង បានប្រកាសបញ្ជីលទ្ធផលបេក្ខជនជាប់ជាស្ថាពរ ជាសាធារណៈតាមគេហទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងយន្តការផ្សព្វផ្សាយនានាផងដែរ។ ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំការប្រឡង ក៏បានគូសបញ្ជាក់សម្គាល់ជូនបេក្ខជនជាប់ជាស្ថាពរ ចំពោះនីតិវិធីបន្តបន្ទាប់ពីការប្រកាសលទ្ធផល ដោយក្នុងរយៈពេល១ (មួយ) សប្ដាហ៍ ត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០ ជាកំហិត បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរត្រូវផ្ដល់ការបញ្ជាក់ទទួលយកក្របខណ្ឌនៅទីកន្លែងការងារដែលបានជ្រើសរើស មកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរស័ព្ទ តេឡេក្រាម ០៨៩ ៨៣៩ ១៣៨ ។ ជាមួយគ្នានេះ បេក្ខជនដែលមិនអស់ចិត្តចំពោះលទ្ធផល និងមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់ជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈបាន ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner