មនុស្សស្លាប់ និងរបួសជិត ៩០នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនៅឥណ្ឌា

ញូវដែលី៖ មន្ត្រីឥណ្ឌានិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ៨០នាក់ផ្សេងទៀតរងរបួស ក្នុងថ្ងៃអង្គារនេះ នៅក្នុងហេតុការណ៍ផ្ទុះដ៏ធំមួយនៅឯរោងចក្រផលិតកាំជ្រួចមួយកន្លែងក្នុងប្រទេសឥណ្ឌា។

មន្ត្រីប៉ូលិសជាន់ខ្ពស់ស្រុក Rajeshwari Mahobia និយាយថា បច្ចុប្បន្ន មានអ្នកស្លាប់ចំនួន ៨នាក់ និងប្រហែល ៨០នាក់ផ្សេងទៀតរងរបួស នៅក្នុងរោងចក្រមួយកន្លែងនៅទីក្រុង Harda រដ្ឋ Madhya Pradesh ហើយថា តួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើងបន្ថែមទៀត។

ទន្ទឹមគ្នា អភិបាលរដ្ឋ Madhya Pradesh លោក Mohan Yadav និយាយថា សេចក្តីរាយការណ៍ពីការផ្ទុះនេះ គឺជា “ដំណឹងដ៏ក្រៀមក្រំបំផុត” ហើយថា ក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យធំៗស្ថិតនៅក្បែរទីតាំងកើតហេតុ ត្រូវបានស្នើសុំឱ្យរៀបចំការសង្គ្រោះជាបន្ទាន់។

លោក Yadav បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា យ៉ាងហោចណាស់មានរថយន្តសង្គ្រោះចំនួន ២០គ្រឿង និងយោធា ៥០នាក់ត្រូវបានបញ្ជូនទៅជួយអ្នករងរបួសនៅទីតាំងកើតហេតុ។ បច្ចុប្បន្នឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

សូមរម្លឹកថា កាលពីឆ្នាំ ២០១៩ មនុស្សយ៉ាងហោចណាស់ ១៨នាក់បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនៅទីក្រុង Batala រដ្ឋ Punjab ហើយមនុស្ស ១០នាក់ផ្សេងទៀតក៏បានស្លាប់ក្នុងឆ្នាំដដែល នៅទីក្រុង Bhadohi រដ្ឋ Uttar Pradesh ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner