គណបក្សប្រជាជនកម្ពុជាគាំទ្រពាក្យបណ្តឹងមេធាវី (Video Inside)
គណបក្សប្រជាជនកម្ពុជា បានគាំទ្រពាក្យបណ្តឹងរបស់ក្រុមមេធាវី ដែលបានប្តឹងមន្ត្រីនាំពាក្យអង្គការអាដហុក។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាថ្ងៃទី៦ កុម្ភៈ លោក ស៊ឹងសែន ករុណា ត្រូវបានប្តឹងពីបទ «ប្រព្រឹត្តអំពើទុច្ចរឹតនិយាយបំផ្លើស និងមួលបង្កាច់ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់ បង្កើតឱ្យមានការស្អប់ខ្ពើម រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ឆ្នាំ២០២៤»។
សេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជាបានសរសេរថា គេ «មិនអាចយកបញ្ហានយោបាយមកលាយឡំ ជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស ឬអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់របស់ខ្លួនបានដែរ»។
គួរបញ្ជាក់ថាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងមុននេះថា «គណបក្សប្រជាជនកម្ពុជានឹងមិនផ្តល់ឱកាសសម្រាប់មនុស្សណា ដែលប្រមាថមើលងាយគណបក្សតទៅទៀតឡើយ»។ សម្តេចតេជោបញ្ជាក់ចុងក្រោយច្បាស់លាស់ថា «យើងត្រូវរកយុត្តិធម៌ សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ»។
មេធាវីគណបក្សប្រជាជនកម្ពុជា ក្នុងពាក្យបណ្តឹងថ្ងៃទី៥កុម្ភៈ បានស្នើសុំឱ្យតុលាការពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសដល់បុគ្គលរូបនោះ តាមច្បាប់ជាធរមាន និងបានប្តឹងទារសំណងប្រាក់ ២ពាន់លានរៀលពីលោក ស៊ឹងសែន ករុណា ថែមទៀត។