វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឥតគិតថ្លៃ បានចាប់ផ្តើមបើកដំណើរការ

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលពី ជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ ឆ្នាំ២០២៤ បានចាប់ផ្តើមបើកដំណើរការហើយ ក្នុងនេះគេឃើញខេត្តចំនួន ៣ ហើយ កូនសិស្សបានចូលរៀនជាបន្តបន្ទាប់ ដែលមានដូចជាខេត្តកណ្តាល កំពង់ចាម និង ខេត្តសៀមរាបជាដើម ។

បើតាមក្រសួងវប្បធម៌បានឱ្យដឹងថា៖កាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានបើកវគ្គបណ្ដុះបណ្ដាលជំនាញដូនតា ស្ដីពីការ ផលិត មុខខ្មុកស្មាច់ នៅវត្តស្វាយអណ្ដែត ស្រុកល្វាឯម ខេត្តកណ្ដាល។ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ សហគមន៍ត្រុំអង្គរ បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាល ជំនាញដូនតាស្តីពីតម្បាញក្រមាត្រុំ ដែលជាទីតាំងនៅក្នុងសហគមន៍ ក្នុងស្រុក កងមាស ខេត្តកំពង់ចាមផងដែរ។

ចំណែកកាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៤ដោយមានការ សហការរៀបចំដោយ ក្រុម ល្ខោនស្បែកធំលោកតា ទី ជៀន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកវគ្គបណ្ដុះ បណ្ដាល ជំនាញ ដូនតា ស្ដីពីជំនាញចម្លាក់ស្បែក ស្ថិតនៅផ្ទះ៧៦១ ផ្លូវលំក្រុមទី២ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានសិស្ស ចូលរួមចំនួន១៥នាក់ បង្រៀនដោយ ចម្មការភិរក្ស ជៀន សុផាន។

គួរបញ្ជាក់ថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈនេះតទៅនៅទីតាំង ចំនួន ១៣ ក្នុង ៨ រាជធានី-ខេត្ត ក្នុងនេះមាន រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រតនគិរី កំពង់ចាម និងខេត្តកណ្ដាល។

បើតាមក្រសួងវប្បធម៌បានឱ្យដឹងថា៖ចំពោះ ជំនាញដែលនឹងបណ្តុះបណ្តាលនោះ រួមមាន ឌុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, កម្បាញក្រមាក្រំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និង ចម្លាក់ស្មិត។

ក្រសួងវប្បធម៌បានបញ្ជាក់ឱ្យដឹងដែរថា៖សិស្សដែលមកពីគ្រួសារក្រីក្រ ដែលមាន បណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារ ងាយ រងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨០,០០០ រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។

ទាក់ទិនក្នុងរឿងនេះឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេវប្បធម៌ នៃក្រសួង វប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងនាថ្មីៗនេះថា៖”ការបណ្តុះបណ្តាលមុខជំនាញដូនតាខ្មែរយើងនេះគឺដើម្បីលើកស្ទួយវប្បធម៌យើងជំនាន់មុនដើម្បីឱ្យកូនខ្មែរបានចេះ ហើយអាចប្រកបមុខរបរនេះយូរអង្វែងទៅថ្ងៃខាងមុខទៀត។ការបណ្តុះបណ្តាលនេះ ជាគម្រោងសាកល្បងលើកទី១ដោយក្នុងនេះបណ្តុះបណ្តាលនេះធ្វើឡើងតាមមូលដ្ឋានដើម្បីឱ្យកូនខ្មែរមានជំនាញច្បាស់លាស់”។

ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់បន្ថែមថា៖វគ្គទី១ដែលជាគម្រោងសាកល្បង ដោយ ក្នុងនេះធ្វើឡើងចំនួន១៣ទីតាំងលើមុខជំនាញចំនួន១១ ។ សម្រាប់គ្រូ បង្រៀនគឺអ្នកជំនាញចាស់ៗតាមមូលដ្ឋានដែលគាត់បានរៀនចេះជំនាញនេះតាំងតែពីដូនតាមក។ការបង្រៀនគឺធ្វើឡើងតាមផ្ទះគ្រូបង្រៀនផ្ទាល់ដោយ ក្នុងនេះក្នុង មួយ វគ្គមិនលើស១៥នាក់ទេ។យើងនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ពួកគាត់(គ្រូបង្រៀន)”។

ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថានៅពេលការសាកល្បងនឹងជោគជ័យក្រសួងនឹងពង្រីកបន្ថែមទៀតនៃការបង្រៀនជំនាញវិជ្ជាជីវៈដូនតាខ្មែរមួយនេះ។នៅពេលរៀនចប់ ជំនាញនេះពួកគេអាចផលិតនៅស្នាដៃដូនតាដែលមិនត្រឹមតែលើកស្ទួយស្នាដៃវប្បធម៌ខ្មែរទេ ប៉ុន្តែក៏ជួយផងដែរដល់ថវិការពួកគាត់ក្នុងការរកប្រាក់ចំណូលពីអ្នក ទេសចរ ណ៍ និងការលក់ក្នុងស្រុកទៀតផង៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner