គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយ គោរពក្រមសីលធម៌ និងគោលការណ៍នានានៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ច.ប.ព.ស) និងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ច.ប.ត.រ) ការឃោសនាបោះឆ្នោត មានទិសដៅឱ្យបេក្ខជន និងគណបក្សនយោបាយដែលបានចុះបញ្ជី ធ្វើការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។
នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលមានចែងក្នុង ច.ប.ព.ស ច.ប.ត.រ ច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត (ច.វ.ច.ប) បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ ដោយ គ.ជ.ប ដើម្បីធានាថា ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្ថិភាព។
គ.ជ.ប សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗអាចអនុវត្តកម្មវិធី និងការហែក្បួន ឃោសនាបោះឆ្នោត របស់ខ្លួន ប្រព្រឹត្តទៅដោយស្មើភាពគ្នា។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពច្បាប់ជាធរមាន ដើម្បីដើម្បីធ្វើយ៉ាងណា ឱ្យការឃោសនាបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន ធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕
ដោយ៖ពលជ័យ
