អ្នកជំនាញ៖ ការបំពេញទស្សនកិច្ចនៅថៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាការ ពង្រឹងទំនាក់ទំនង និង ជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ
ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជ បណ្ឌិត្យ សភាកម្ពុជា បានចាត់ទុកការបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រ ថៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាការពង្រឹងទំនាក់ទំនងល្អបន្ថែមទៀត ពិសេស ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញ វិទ្យា សាស្ត្រនយោបាយ បានលើកឡើងថា ការបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា ណាចក្រថៃ គឺពិតជាមានតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេស ភូមិផង របង ជាមួយគ្នា បន្ទាប់ពីឯកឧត្តម សេដ្ឋា ថាវីស៊ីន បានជ្រើសរើសព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវកាលមុនគេ ក្នុងខណៈលោកបានជាប់ជានាយករដ្ឋមន្ត្រីភ្លាមៗ ពោល គឺបានមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញជាផ្លូវការនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលសបញ្ជាក់ឱ្យឃើញថា នាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃនេះ បានផ្ដល់គុណតម្លៃពិសេសទៅដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃ ទាំងទិដ្ឋភាពន យោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងទិដ្ឋភាពគ្រួសារ រវាងគ្រួសារត្រកូលថាក់ស៊ីន និងគ្រួសារសម្ដេចតេជោ ហ៊ុន សែន ។ ដោយផ្ដើមចេញពីទំនាក់ទំនងទាំងអស់នេះ គឺបានរុញច្រានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទទួលបានផលប្រយោជន៍ ទៅវិញទៅមក ។
ចំណែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភា កម្ពុជា បានប្រាប់បណ្ដាញព័ត៌មានទូរទស្សន៍អប្សរា នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ថៃ គឺជាប្រទេសជិតខាង ហើយក៏ជាដៃគូពាណិជ្ជកម្មលេខ២ បន្ទាប់ពីវៀតណាម នៅក្នុងតំបន់អាស៊ាន សម្រាប់ប្រទេសកម្ពុជា ។ ជាមួយនោះ ប្រទេសថៃ ក៏បានស្រូប យកកម្លាំងពលកម្មរបស់កម្ពុជា មួយចំនួនធំផងដែរ ដែលអាចបង្កើនប្រាក់ ចំណូល ជូនគ្រួសារប្រជាពលរដ្ឋយើងបន្ថែមទៀត ។
លោកបណ្ឌិតបានថ្លែងទាក់ទងទៅនឹងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដោយឃើញថា ទំនិញដែលមានសក្ដានុពលនោះ គឺទំនិញកសិឧស្សាហកម្ម ក្នុងនោះទី១-ថៃ បានចូលមកប្រមូលទិញស្រូវពីកម្ពុជា ។ ទី២-ទំនិញដំឡូងមី ផ្លែមានប៉ៃលិន ស្វាយ ក្នុងនោះក៏មានពោតក្រហមផងដែរ និងសណ្ដែក ។ ដូច្នេះទីផ្សាររបស់កសិករយើងភាគច្រើននៅតំបន់ភាគខាងលិច និងតំបន់ពាយព្យ នៃប្រទេស គឺធ្វើការដាំដុះ និងផ្គត់ផ្គង់ទៅទីផ្សារប្រទេសថៃ ហើយយើងក៏មានការនាំ ចូល ផលិតផលអំពីត្រី បន្លែ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត ក្នុងនោះយើងក៏ បាន នាំចូលព្រេងឥន្ធនៈ ពីប្រទេសថៃផងដែរ។
លោកថា ដូច្នេះដើម្បីជំរុញពាណិជ្ជកម្ម ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ គឺកម្ពុជា ត្រូវលើកទឹកចិត្តឲ្យក្រុមហ៊ុនថៃ មានការវិនិយោគនៅប្រទេសកម្ពុជាឲ្យបានច្រើន ដើម្បីជំរុញការនាំចេញបន្ថែមទៀត ។
ជាមួយគ្នានោះដែរ ទាំងលោកបណ្ឌិត យង់ ពៅ និងលោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺបានខិតខមពង្រីក កិច្ចសហប្រតិបត្តិការនយោបាយការបរទេស ទាំងនៅអាស៊ាន ទាំងនៅក្នុងតំបន់ ទាំងនៅក្នុងពិភពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត ដែលប្រទេសទាំងអស់ គឺជាមិត្តរបស់កម្ពុជា ក្នុងនោះយុទ្ធនាការគោលនយោបាយការបរទេសមុតស្រួច ស្វាហាប់ និងពង្រឹងមិត្តភាពចាស់ ហើយពង្រីកមិត្តភាពថ្មីបន្ថែមទៀត ដែលទាំង អស់នេះ គឺបានជួយរំលេចមុខមាត់ប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិ ក៏ដូចជា ការស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា បង្ករភាព ងាយ ស្រួលដល់ការលូតលាស់ និងការនាំចេញរបស់កម្ពុជា ក៏ដូចជាទាក់ទាញការវិនិយោគ ពីក្រៅប្រទេសផងដែរ ។ ការខិតខំប្រឹងប្រែងនេះ តែងទទួលបានការគាំទ្រពីឆាក អន្តរជាតិ ក៏ដូចជាទទួលបានការគាំទ្រផ្នែកនយោបាយនៅខាងក្នុងផងដែរ ។
សូមជម្រាបថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយក រដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រថៃ រយៈពេល ១ថ្ងៃ ដោយបេសកកម្មការទូតអន្តរជាតិ លើទឹកដីក្រៅប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន១០លើក ទាំងដំ ណើរ ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នេះ ។
សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ ជាផ្លូវការរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បានឯកភាពប្រគល់ភារកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងរិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បី បង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាននូវគោលដៅ ពាណិជ្ជកម្ម ទំហំ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីទាំងពីរ បានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធ ធ្វើកិច្ចសហ ការ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព នៅតាម តំបន់ ព្រំដែន សំដៅប្រែក្លាយតំបន់នេះ ទៅជាព្រំដែននៃសន្តិភាពយូរអង្វែង និងការអភិវឌ្ឍ ៕





