កម្ពុជា-ព្រុយណេ ប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន
ភ្នំពេញ៖ កម្ពុជា-ព្រុយណេ ប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមទៀត នូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន ជាពិសេស វិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌ ។

នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហ ប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសព្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្តមឯកអគ្គរាជទូត ចូលជួបសម្តែង ការគួរសម នៅទីស្តីការក្រសួង ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូត បានរំលឹក ឡើងវិញនូវព្រះរាជទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម យាង មក កាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២២ និងលទ្ធផល ប្រកប ដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាង សម្តេចធិបតី នាយករដ្ឋមន្រ្តី និងព្រះ ចៅព្រះមហាក្សត្រក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា កាលពីខែកញ្ញា ឆ្នាំ ២០២៣។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ម នូវ ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងព្រុយណេ លើវិស័យជា ច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌។
លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ៕



ដោយ៖ សួង ពិសិដ្ឋ