រដ្ឋមន្ត្រីក្រសួងធនធានទឹក ជម្រាបជូនគណៈកម្មការរដ្ឋសភា អំពីវឌ្ឍនភាពកាងារ និងលទ្ធផលផែនការយុទ្ធសាស្រ្តរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដោយបានអនុវត្តផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យ ធនធានទឹក និងឧតុនិយម ដូចជា អនុវត្តន៍ការគ្រប់គ្រងអាងទន្លេ និងធនធានទឹកចម្រុះ ការគ្រប់គ្រង អភិវឌ្ឍន៍ និងអនុវត្តន៍អនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ការព្យាករអាកាសធាតុ ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ការកសាងមូលដ្ឋានបច្ចេកទេស ការជំរុញលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយផ្នែកពាក់ព័ន្ធជាដើម ដើម្បីធានាបាននូវសន្តិសុខទឹក ព្រមទាំងចូលរួមចំណែកក្នុងការទ្រទ្រង់និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

នេះបើយោងតាមសេចក្តីរាយការណ៍របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ផងដែរ ថៃ្ងទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីផែនការសកម្មភាព និងគោលនយោបាយអាទិភាពចំនួន ៦របស់ក្រសួងរួមមាន ១.ពង្រឹងវិធានការការពារ ទប់ស្កាត់ និងអភិរក្សធនធានទឹក ២.បន្តអភិវឌ្ឍ និងជំរុញការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងសំណង់សិល្បការទឹក ៣.បន្តស្តារ ជួសជុល និងថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំ ៤.បន្តជំរុញលើកទឹកចិត្តឱ្យប្រជាកសិករស្ម័គ្រចិត្តចូលរួមបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកនៅតាមគ្រប់ប្រព័ន្ធធារាសាស្ត្រ ក្នុងមូលដ្ឋានរបស់ខ្លួន ៥.បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានជលសាស្ត្រ ឧតុនិយម ព្យាករអាកាសធាតុ និងផ្តល់ព័ត៌មានធាតុអាកាសបានមុនហេតុការណ៍ និង៦.ការគិតគូអំពីសុខភាពទន្លេ ដោយធ្វើយ៉ាងណាគិតគូអំពីការសាងសង់ច្រាំងទន្លេ គិតពីរំហូរទឹក និងគុណភាពទឹកទន្លេ ។

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានសំណូមពរដល់រដ្ឋសភា សូមបន្តជួយអន្តរាគមន៍ គាំទ្រ ជំរុញក្នុងការបង្កើនថវិកា សម្រាប់ការងារស្រាវជ្រាវ និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍសង្គមជាតិ ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្រ្តី ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងក្របខ័ណ្ឌវិស័យធនធានទឹក និងឧតុនិយម ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានបង្ហាញនូវក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈទិសដៅជាយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាអាទិភាពដែលក្រសួងបានដាក់ចេញសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងធ្វើឲ្យវិស័យធនធានទឹក ដើរតួនាទីកាន់តែសំខាន់ ថែមទៀត ក្នុងដំណើរការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕

ប្រភព ៖ រដ្ឋសភា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner