នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងលោកជំទាវ

(ភ្នំពេញ)៖ ពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលប្រារព្ធធ្វើឡើង នៅវិមានរាជរដ្ឋាភិបាលថៃ ក្នុងរាជធានីបាងកក នាឱកាស នៃការអញ្ជើញដល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសមភាគថៃ ឯកឧត្តមបណ្ឌិត សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងលោកជំទាវ ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលអមដំណើរដោយផ្ទាល់ពី ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម បណ្ឌិត សេដ្ឋា ថាវីស៊ីន និងលោកជំទាវ និងបានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

បន្ទាប់ពីពិធីត្រួតពលកងកិត្តិយស នៃកងភូមិន្ទថៃរួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលអមដំណើរដោយផ្ទាល់ពីឯកឧត្តម នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន និងលោកជំទាវ អញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់ចំពោះឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ-កម្ពុជា និងឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត នៃបណ្តាប្រទេសជាមិត្តនានា ប្រចាំប្រទេសថៃ។

សូមបញ្ជាក់ថា ថៃ គឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានជ្រើសរើសសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ។ កម្ពុជា-ថៃ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ ប្រទេស ទាំងពីរបានផ្អាកទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៦២ និងភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩១ ។

ចំណងទំនាក់ទំនងមិត្តភាពជាប្រពៃ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ និងបានឈានដល់កម្រិត “ភាពជាដៃគូសន្តិភាព និងវិបុលភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner