នាយករដ្ឋមន្ត្រី កម្ពុជា-ថៃ អញ្ជើញជាអធិបតី ក្នុងពិធី ចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥
(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រី កម្ពុជា-ថៃ អញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥ ក្នុងឱកាស នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នៅវិមានរាជរដ្ឋាភិបាលថៃ ក្នុងរាជធានីបាងកក នាព្រឹកថ្ងៃពុធ ទី៧ កុម្ភៈ ឆ្នាំ២០២៤ ។
អនុស្សរណៈដែលចុះហត្ថលេខាយោគយល់គ្នា លើឯកសារ ចំនួន ៥ នោះរួមមាន៖

១- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការឆ្លើយតប គ្រោះអាសន្ន រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ។
២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យ សិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ។
៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ រវាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ។
៤- អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ។
៥- អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ ៕








អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ