កម្ពុជា និងថៃ ឯកភាពដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ
ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃបានឯកភាពគ្នា ដំឡើង កម្រិតទំនាក់ទំនងទ្វេភាគី ពីការពង្រឹងភាពជាដៃគូ ដើម្បី សន្ដិភាព និងវិបុលភាព ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ។ នេះបើតាម លទ្ធផលនៃជំនួប ប្រជុំពិភាក្សាការងារ ទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាស សម្ដេចធីបតី អញ្ជើញបំពេញ ទស្សនកិច្ច ផ្លូវការ នៅព្រះរាជាណាចក្រថៃ ។
ក្នុងជំនួបនេះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះ ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាម ជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈ ប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជានៅក្នុងព្រះរាជាណាចក្រថៃ។
ឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈដំណើរ ទស្សនកិច្ច របស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគី កម្ពុជា -ថៃ នឹង កាន់ តែរីកចម្រើនរឹងមាំ។

ចំណែកសម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សា ការងារ ទ្វេភាគីនេះ និងបានថ្លែងអំណរគុណ ឯកឧត្តមនាយក រដ្ឋមន្ត្រីថៃ ដែលបានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរ ទស្សនកិច្ចផ្លូវការលើកទី១ របស់ សម្តេចធិបតី ក្នុងនាមជានាយក រដ្ឋមន្ត្រី នៅព្រះរាជាណាចក្រថៃ នាឱកាសនេះ។
សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិ ការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ដែលរួម មាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។

ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត សមភាគី ទាំងពីរ បានឯកភាពលើការដំឡើងកម្រិត ទំនាក់ទំនង ទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជា ដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញ ទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និង សកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រ គ្នា ទៅវិញទៅ មកនៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហ ប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់ តាមប្រព័ន្ធអន ឡាញ និងការកសាងព្រំដែនប្រទេសទាំងពីរទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។

ដោយឡែក នៅក្នុងឱកាសនៃជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះ ហត្ថលេខា និងផ្លាស់ ប្តូរឯកសារកិច្ចសហប្រតិបត្តិការ ចំនួន ៥ រួមមាន៖ ១-អនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការ លើវិស័យនៃការ កាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយកម្ពុជា និងក្រសួង មហាផ្ទៃថៃ,២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហ ប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ; ៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយក ដ្ឋាន គយថៃ, ៤-អនុស្សរណៈនៃ ការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃនិងទី ៥-អនុស្សរណៈ នៃការយោគយល់គ្នារវាងសភាពាណិជ្ជ កម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ ៕





ដោយ៖វណ្ណលុក