វិបត្តិខ្វះទឹកចាប់ផ្តើមបំផ្លាញស្រែប្រាំង រដ្ឋបន្តអន្តរាគមន៍
ភ្នំពេញ៖វិបត្តិខ្វះខាតទឹកបានបន្តគំរាមគំហែងខេត្តដាំដុះស្រូវប្រាំងនៅទូទាំងប្រទេសកម្ពុជា ដែលធ្វើឲ្យដំណាំស្រូវ ជិតបីពាន់ហិកតារងការខូចខាត និងប្រមាណ ១៦.០០០ហិកតាស្ថិតក្នុងហានិភ័យ។ នេះបើតាមរបាយការណ៍ដែលទូរទស្សន៍អប្សរាទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៦ ខែកុម្ភៈនេះ។
តាមរបាយការណ៍ទាំងពីរនោះ បានបង្ហាញថា មានខេត្តដាំដុះស្រូវប្រាំងធំៗចំនួនបី គឺខេត្តបាត់ដំបង់ បានរងផលប៉ះពាល់ជាង៩ ៥០០ ហិកតា ក្នុងនោះ បានអន្តរាគមន៍បានជាង ៤ ០០០ហិកតា ដោយពុំទាន់មានការខូចខាត់ស្រូវនៅឡើយទេ។ ចំណែកខេត្តពោធិ៍សាត់ បានរងផលប៉ះពាល់ជាង ១៤ ០០០ ហិកតា ។ក្នុងនោះ បានអន្តរាគមន៍បានជាង៤ ៧០០ ហិកតា ដោយខូចខាតស្រូវជិត២ ៥០០ ហិកតា និងខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ជាង១ ៣០០ ហិកតា ក្នុងនោះបានអន្តរាគមន៍១៧ ហិកតា ដោយរងការខូចខាតចំនួន ៣៦០ ហិកតា។

ឯកឧត្តម គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ទូរទស្សន៍អប្សរាបន្ថែមថា គិតត្រឹមថ្ងៃតី ៥ ខែកុម្ភៈ ខេត្ត ដែលរងផលប៉ះពាល់ទាំងនោះ នៅតែមានស្ថានភាពខ្វះខាងប្រភពទឹក ខណៈខេត្តកំពង់ឆ្នាំង ត្រូវបានអន្តរាគមន៍ដោយការបូបទឹកបញ្ចូលស្រែ ជាបណ្តើរៗ។
ឯកឧត្តម បារម្ភពីស្ថានភាពក្នុងពេលខាងមុខ នៅតែពុំមានភ្លៀងកក់ខែនោះ ការខូចខាតនឹងកើនឡើង។
ឯកឧត្តម បានបញ្ជាក់ថា៖«យើងរកប្រភពទឹកដើម្បីផ្តល់ជូនបងប្អូនមិនបាន ដោយសារតែវានៅឆ្ងាយពេក ការបញ្ចូលទឹកពីកន្លែងដទៃមក។ គាត់ធ្វើស្រែប្រាំង បាន២ដងហើយ ហើយលើកចុងក្រោយនេះ ដោយសារធាតុអាកាសរបៀបនេះ។ វាមិនទាន់ខូចខាត១០០ ភាគរយទេ ព្រោះថា នៅតំបន់ខ្លះ គាត់អាចស្រោចស្រង់បានខ្លះ។ ប៉ុន្តែកន្លែងភាគច្រើន ប្រសិនណាតំបន់នោះ មិនមានភ្លៀវកក់ខែទេ វានឹងអាចខូចស្រូវនេះ បន្តទៅទៀត» ។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា កម្ពុជា រងនូវបាតុភាពអែលនីណូ ដែលបង្កឱ្យមានកម្ដៅនិងរំហួតខ្ពស់ខុសប្រក្រតី។ មិនត្រឹមប៉ុណ្ណោះ ក្នុងឆ្នាំនេះ កម្ពុជា ក៏មានរដូវប្រាំងវែងផងដែរ ពោលគឺអាចអួសបន្លាយដល់ខែសីហា។ ដូច្នេះដើម្បីទប់ស្កាត់បាតុភាពនេះ អាជ្ញាធរ ធ្លាប់បានប្រកាសឱ្យប្រជាករសិករផ្អាកការធ្វើស្រូវប្រាំងនៅតំបន់ប្រឈមការខ្វះទឹកមួយចំនួន ដើម្បីចៀសវាងការខាត់បង់។ វិបត្តិខ្វះទឹកនេះ បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដែលវាយប្រហារតំបន់អាស៊ីអាគ្នេយ៍។ អ្នកជំនាញកសិកម្មបានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់រយៈពេលវែងនៃកង្វះទឹកបែបនេះ ដោយបង្ហាញពីតម្រូវការសម្រាប់ការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព និងការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុនៅកម្ពុជា។ ទន្ទឹមនឹងបញ្ហានេះ កាលថ្ងៃសុក្រ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹកពីការប្រែប្រួលអាកាសធាតុនាឆ្នាំនេះ ដោយពិនិត្យមើល និងស្តាប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមានផងដែរ៕ ដោយ៖ឡុង គីមម៉ារីតាចំណងជើងរូបថត៖ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង បានចុះពិនិត្យជាក់ស្តែងការងារអន្តរាគមន៍កាយប្រឡាយបូមទឹកសង្គ្រោះស្រូវប្រាំង និងពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ជំហាន២ (រូបថតក្រសួងធនធានទឹក)
