សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញនិវត្តន៍ដោយសុវត្ថិភាពក្រោយបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វិលត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាពនៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីបានបំពេញទស្សនកិច្ចផ្លូវការ រយៈពេលមួយថ្ងៃ នៅព្រះរាជាណាចក្រថៃ តមតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែតបានចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប របស់ព្រះរាជាណាចក្រថៃ។ ដោយឡែក ក្នុងជំនួបទ្វេរភាគី ជាមួយនាយករដ្ឋមន្ត្រីថៃ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។

ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត សមភាគីទាំងពីរ បានឯកភាពលើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយបានបង្ហាញនូវការពេញចិត្ត ចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែន រវាងប្រទេសទាំងពីរ ទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។

នៅក្នុងឱកាសនៃជំនួបនេះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៥ រួមមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ; ២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ; ៣-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ; ៤-អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ; ៥-អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ។

បើតាមទំព័រហ្វេសប៊ុក សម្តេចធិបតី បានឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជនជាអាទិភាពចម្បង។ ថ្ងៃនេះ ដោយឈរលើមាគ៌ាច្បាស់លាស់នេះ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មការទូតក្រៅប្រទេស លើកទី១០ របស់ខ្លួន លើបេសកកម្មការទូតសំខាន់កន្លងមក ៕
ដោយ:វណ្ណលុក

