អេស្ប៉ាញជួបរលកកំដៅក្តៅខ្លាំងបំផុតក្នុងខែមករាដើមឆ្នាំនេះ
ម៉ាឌ្រីដ៖ ការិយាល័យឧតុនិយមជាតិអេស្ប៉ាញ (Aemet) នៅថ្ងៃពុធនេះ បានបញ្ជាក់ថា ប្រទេសអេស្បាញទើបជួបប្រទះរលកកំដៅក្តៅខ្លាំងបំផុតកាលពីខែមករា ចាប់តាំងពីកំណត់ត្រាបច្ចុប្បន្នបានចាប់ផ្តើមនៅឆ្នាំ ១៩៦១ បន្ទាប់ពីសីតុណ្ហភាពកើនជិត ៣០អង្សាសេ នៅក្នុងតំបន់មួយចំនួន។
ការិយាល័យឧតុនិយមជាតិអេស្ប៉ាញ (Aemet) និយាយថា សីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសអេស្ប៉ាញដីគោក ក្នុងខែមករា ឆ្នាំ ២០២៤ គឺខ្ពស់ជាងមធ្យមភាគ ២.៤អង្សាសេ និងកើនឡើង ០.៤អង្សាសេ លើសពីកំណត់ត្រាមុនដែលបានកំណត់ក្នុងឆ្នាំ ២០១៦។
នៅស្ថានីយឧតុនិយមជិត ៤០០កន្លែង ឬជិតពាក់កណ្តាលនៃចំនួនសរុបរបស់ប្រទេសអេស្ប៉ាញ បានជួបប្រទះសីតុណ្ហភាពកើនឡើងដល់ ឬលើសពី ២០អង្សាសេកាលពីខែមុន។ តួយ៉ាង សីតុណ្ហភាពបានកើនឡើងដល់ ២៩.៥អង្សាសេនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុងវ៉ាលែនសៀ និង ២៨.៥អង្សាសេនៅទីក្រុងម៊ូសៀ នៅភាគអាគ្នេយ៍ និង ២៧.៨អង្សាសេ នៅជិតទីក្រុងម៉ាឡាហ្កា នៅភាគខាងត្បូង ខណៈដែលកម្រិតជាធម្មតាគឺនៅក្នុងខែមិថុនា។
ប្រទេសអេស្បាញបានឆ្លងកាត់ឆ្នាំមានអាកាសធាតុក្តៅបំផុតរបស់ខ្លួនក្នុងឆ្នាំ ២០២២ ចាប់តាំងពីកំណត់ត្រាប្រចាំឆ្នាំរបស់ការិយាល័យឧតុនិយមជាតិ (Aemet) បានចាប់ផ្តើម ជាមួយនឹងសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមជិត ១៥.៥អង្សាសេ។ នេះជាលើកដំបូងហើយ ដែលសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមកើនឡើងលើសពី ១៥អង្សាសេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា