កម្ពុជា និងបែលហ្ស៊ិក ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណា ចក្រកម្ពុជា និងក្រសួងការបរទេស នៃព្រះរាជាណាចក្របែលហ្ស៊ិក បានរៀបចំ
កិច្ចពិគ្រោះប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី១ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ចែម វីឌ្យ៉ា និង ឯកឧត្តម ហ្វ្រង់ស័រ ដឺឡាយ៉េ (François DELHAYE) នាយកទទួលបន្ទុកអាស៊ី និងអូសេអានី។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានលើកឡើងអំពី ការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន ហើយប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ លើបញ្ហាក្នុងតំបន់ និងពិភពលោកមួយចំនួន ដែលជាកង្វល់រួម។
មន្ត្រីជាន់ខ្ពស់ទាំងពីរបានឯកភាពថា យន្តការពិគ្រោះយោបល់ទ្វេភាគី មានសារៈ សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទាក់ក្រឡាគ្នារវាងក្រសួងការបរទេសទាំងពីរ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី ២ នៅទីក្រុងព្រុចសែល តាមពេលវេលាសមស្រប។
គួរបញ្ជាក់ថា ព្រះរាជាណាចក្រទាំងពីរ កម្ពុជា និងបែលហ្ស៊ិក បាន ភ្ជាប់ ទំនាក់ទំនង ការទូតគ្នាឡើងវិញនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ១៩៩២ ។ បច្ចុប្បន្ន ប្រទេសទាំងពីរបា ក្លាយជាដៃគូ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម និង បានកំពុងគាំទ្រគ្ន ទៅវិញទៅមក លើឆាកអន្តរជាតិ ។ ព្រះរាជាណាចក្របែលហ្ស៊ិក បានឈរនៅក្នុងលំដាប់លេខ ៩ នៃទីផ្សារជាមួយកម្ពុជា ដែលមានទំហំពាណិជ្ជកម្មប្រមាណ ៧០០លានដុល្លារ ដែលការនាំចេញរបស់កម្ពុជា ទៅប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ មានប្រមាណ ៦០០លានដុល្លារ។ ការនាំចេញនេះ មានកំណើនជាង ៣០ភាគរយ ៕
ដោយ ៖ សួង ពិសិដ្ឋ





