កិច្ចពិគ្រោះប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសកម្ពុជា និងប៊ែលហ្ស៊ិកអំពីការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ច និងប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ កិច្ចពិគ្រោះប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃព្រះរាជាណាចក្របែលហ្ស៊ិក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ភាគីទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន ហើយប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ្វ្រង់ស័រ ដឺឡាយ៉េ (François DELHAYE) នាយកទទួលបន្ទុកអាស៊ី និងអូសេអានី នៃក្រសួងការបរទេសប៊ែលហ្ស៊ិក។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានលើកឡើងអំពីការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន ហើយប្តេជ្ញាពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងពិភពលោកមួយចំនួន ដែលជាកង្វល់រួម។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសទាំងពីរបានឯកភាពថា យន្តការពិគ្រោះយោបល់ទ្វេភាគីមានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទាក់ក្រឡាគ្នារវាងក្រសួងការបរទេសទាំងពីរ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី២ នៅទីក្រុងព្រុចសែល តាមពេលវេលាសមស្រប៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស