គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពេលឃោសនាបោះឆ្នោត
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាំងអស់ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយខ្លឹមសារសំខាន់ចំនួន២ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ កិច្ចប្រជុំស្តីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពេលឃោសនាបោះឆ្នោត។
លោក យិច សមិទ្ធិ សមាជិក គ.ជ.ប បានថ្លែងថា ការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សរុប ១៤ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន ៤ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ ជាការឃោសនាបោះឆ្នោត គឺជាការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន។ ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅតាមមណ្ឌលភូមិភាគនីមួយៗ ដែលគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យធ្វើយ៉ាងច្រើន ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការជួបជុំ ឬការឃោសនា នៅតាមផ្ទះ។ ការផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន។ ការផ្សព្វផ្សាយតាមរលកអាកាស ឬការឃោសនាតាមឧបករណ៍បំពងសំឡេង ឬតាមរយៈការចាក់ផ្សាយកាស្សែតវីដេអូ ឬវីស៊ីឌី ឬឌីវីឌី ឬហ្វ្លាស Flash ក្នុងរោងវីដេអូសាធារណៈ ឬទីធ្លាសាធារណៈ។ សកម្មភាពបិទផ្សាយនូវបដាពាក្យស្លោក កម្មវិធីនយោបាយ ឬរូបភាពឃោសនានានា។ សកម្មភាពចែកខិត្តបណ្ណគណបក្សនយោបាយ។ សកម្មភាពចែកស្លាកសញ្ញាគណបក្សនយោបាយ ឬមួក សម្លៀកបំពាក់ សម្ភារផ្សេងៗទៀត ដែលបោះពុម្ព ឬគូរ ឬផលិត ដែលមានស្លាកសញ្ញាគណបក្សនយោបាយ ឬ/និងបេក្ខជន។ សកម្មភាពលើកបដានៅទីសាធារណៈណាមួយ ឬ/និងដំឡើងបន្ទះក្ដារបិទប្រកាសផ្សាយពីគោលនយោបាយរបស់គណបក្សនយោបាយ ឬបេក្ខជន។ ការប្រគុំតន្ត្រីនៅទីកន្លែងណាមួយ ឬច្រៀងចម្រៀងឃោសនាបោះឆ្នោត ឬការលេងភ្លេងឃោសនាបោះឆ្នោត។ ការរៀបចំកម្មវិធីប្រកួតកីឡា ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬ/និងបេក្ខជនណាម្នាក់។
លោកបានបញ្ជាក់ថា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានកំណត់ទម្រង់ និងទំហំដូចខាងក្រោម៖
-មានការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយភ្ជាប់នឹងរថយន្ត ឬ/និងទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ឬជលយានគ្រប់ប្រភេទ និងមានការចាក់ផ្សាយដោយឧបករណ៍បំពងសំឡេង
-ចំនួនអ្នកចូលរួមមានចាប់ពី ២០នាក់ឡើងទៅ ដោយក្រុមថ្មើរជើង ឬ/និងប្រើប្រាស់ យានជំនិះតាមប្រភេទណាមួយ ឬទាំងអស់ក្នុងការឃោសនាបោះឆ្នោត ដែលមាន៖
oរថយន្តចាប់ពី ២គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ១០គ្រឿងឡើងទៅ
oទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ២០គ្រឿងឡើងទៅ
oជលយានគ្រប់ប្រភេទចាប់ពី ៥គ្រឿងឡើងទៅ។
គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។
ការជូនដំណឹងនេះ ត្រូវបញ្ជាក់ឱ្យបានច្បាស់អំពី៖
-នាមត្រកូល នាមខ្លួន និងអាសយដ្ឋានអចិន្ត្រៃយ៍របស់តំណាងគណបក្សនយោបាយ
-កាលបរិច្ឆេទ និងពេលវេលានៃការហែក្បួន
-ទីតាំងប្រមូលផ្តុំ តម្រាយផ្លូវដែលត្រូវហែក្បួន និងទីតាំងរំសាយ
-ចំនួនអ្នកចូលរួម និង
-ចំនួនយានជំនិះតាមប្រភេទនីមួយៗ។
ការហែក្បួនឃោសនាបោះឆ្នោតឆ្លងភូមិភាគ មិនត្រូវបានអនុញ្ញាតឡើយ។ ប៉ុន្តែក្នុងករណីដែលការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងរាជធានី ខេត្តចំណុះភូមិភាគ ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយតម្រាយផ្លូវនៃក្បួនឃោសនានោះ ត្រូវឆ្លងកាត់រាជធានី ខេត្តដទៃ ដោយសារស្ថានភាពទីតាំងភូមិសាស្ត្រជាក់ស្តែងនៃរាជធានី ខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្សនយោបាយសាមីត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)ពាក់ព័ន្ធ យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា ទោះបីជារាជធានី ខេត្តដែលត្រូវឆ្លងកាត់នោះ ខ្លួនមាន ឬគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ។ ក្នុងដំណើរឆ្លងកាត់នេះ សាមីគណបក្សនយោបាយត្រូវបិទឧបករណ៍បំពងសំឡេង និងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ពាក់ព័ន្ធត្រូវស្នើសុំកិច្ចសហការ និងការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងពេលឃោសនាបោះឆ្នោត។គ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់មុនថ្ងៃបោះឆ្នោត២៤ម៉ោង។
សូមជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានដាក់ចេញនូវសេចក្តីណែនាំលេខ ០០៥ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីសម្របសម្រួល ទីកន្លែង ផ្លូវ ពេលវេលា និងកម្មវិធីនៃការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ។ គណបក្សនយោបាយក៏ត្រូវប្រមូលយកមកវិញនូវបណ្ណប្រកាស ឬបណ្ណបិទផ្សាយ បដា ឯកសារឃោសនាបោះឆ្នោតទាំងអស់របស់ខ្លួនពីគ្រប់កន្លែងសាធារណៈ ក្នុងរយៈពេល១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។ គណបក្សនយោបាយ ត្រូវយកចិត្តទុកដាក់គោរព និងរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និងត្រូវយកចិត្តទុក ដាក់គោរពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងវិធានការសុខាភិបាលនានាដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប