បង្គារចាក់ចាហួយជាង ៤ពាន់គីឡូក្រាម ត្រូវបានកម្លាំងជំនាញ រកឃេីញ នៅតំបន់ត្រឡោកបែក ក្រុងភ្នំពេញ
(ភ្នំពេញ)៖ នារដូវសែនចិន-វៀតណាម នឹងឈានមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម មន្ដ្រីអគ្គ នាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ នាព្រលឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះ ត្រួត ពិនិត្យទំនិញនៅតំបន់ត្រឡោកបែក ខណ្ឌសែនសុខ រាជធានីភ្នំពេញ រក ឃើញ បង្គារ មានចាក់ចាហ៊ួយចំនួនជាង ៤ពាន់គីឡូក្រាម។
លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានចាប់ផ្តើមតាំងពីម៉ោង៣ទៀបភ្លឺ ដើម្បីធ្វើ ការឃ្លាំមើល ដោយជាលទ្ធផល ក្រៅពីទំនិញផ្សេងៗ ដូចជាមឹក ក្តាម និងអយស្ទ័រ ជាដើម ពុំបានរកឃើញវត្តមានសារធារធាតុគីមីហាមឃាត់នោះទេ ប៉ុន្តែបានរកឃើញ និងដកហូតបង្គារមានចាក់ចាហ៊ួយ ចំនួន ២៦០កេស ស្មើនឹងប្រមាណ ៤ ២៣៥គីឡូក្រាម។

លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញរូបនេះ ក៏បានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ ព័ន្ធ ច្បាស់ លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំឱ្យមានការ ដាក់ លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេក ទេស ទៅលើផលិតផល ម្ហូបអាហារ នាំឲ្យប៉ះពាល់ ដល់សុខភាព សុវត្ថិភាព អ្នកប្រើប្រាស់។ លោកបានបន្ថែមថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើង ទៅ តាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ននូវម្ហូបអាហារ ដែលមិនមាន អនុលោមភាព សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ ។

សូមជម្រាបថា ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការ ការពារ សុខុមាលភាពប្រជាពលរដ្ឋ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំជាប្រចាំ និងចង្អុល បង្ហាញ ដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គ នាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវ ការត្រួត ពិនិត្យ ជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយ គុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការ ប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម៕







ដោយ ៖ ជីម ភារ៉ា និង ប៊ុនធី