គ.ជ.ប តម្រូវឱ្យគណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងហោចឱ្យបានមុន ៣ថ្ងៃ
(ភ្នំពេញ)៖ ក្នុងការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃខាងមុខនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានតម្រូវឱ្យគណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរទៅ គធ.ខប យ៉ាងហោចណាស់ឱ្យបាន ៣ ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។
ឯកឧត្តម យិច សមិទ្ធិ សមាជិកគ.ជ.បថ្លែងក្នុង”កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.បនាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យដឹងថា៖ ដើម្បីឱ្យដំណើរការនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ បញ្ចៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាម វិធាននៃបទប្បញ្ញត្តិ និងគោលការណ៍ណែនាំ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោតគ.ជ.បសូមធ្វើការណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត អំពីការហែក្បួនឃោសនាបោះឆ្នោតក្នុងអំឡុងពេលឃោសនាបោះឆ្នោតដើម្បីឱ្យប្រព្រឹត្តិទៅសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្តិភាព។
ឯកឧត្តមបានលើកឡើងថា៖យើងត្រូវមានការរៀបចំជាក្បួន មានបិទបដា ,ពាក្យស្លោក,សារនយោបាយនៅភ្ជាប់នឹង រថយន្ត,ទោចក្រយានយន្ត,ត្រីចក្រយានយន្ត ឬជលយានគ្រប់ និងមានការ ចាក់ផ្សាយដោយឧបករណ៍បំពងសំឡេង ចំនួនអ្នកចូលរួមមានចាប់ពី ២០នាក់ឡើងទៅ ។ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការហែក្បួនព្យុហយាត្រា ឬ ក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យធ្វើយ៉ាងច្រើន ២ដង នៅក្នុងមណ្ឌលភូមិភាគដែលគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះ ។
ជាមួយគ្នានេះឯកឧត្តមបានថ្លែងដែរថា ៖ គធ.ខប ត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីសម្របសម្រួល ទីកន្លែង ផ្លូវ ពេលវេលា និង កម្មវិធីនៃការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ។គណបក្សនយោបាយត្រូវប្រមូលយកមកវិញនូវបណ្ណប្រកាស ឬបណ្ណបិទផ្សាយ ឯកសារឃោសនាបោះឆ្នោតទាំងអស់របស់ខ្លួនពីគ្រប់កន្លែងសាធារណៈក្នុងរយៈពេល១៥ថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោតរួចរាល់។
ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប បញ្ជាក់បន្ថែមថាគណបក្សនយោបាយ ត្រូវយកចិត្តទុកដាក់គោរព និងរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និងត្រូវយកចិត្តទុកដាក់គោរពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងវិធានការសុខាភិបាលនានាដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ផងដែរ ៕
អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖គ្រី សម្បត្តិ