កិច្ចសហការរវាងPrince Happiness Plaza និង Radisson Hotel Group នឹងជួយជំរុញការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ របស់កម្ពុជា

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរាចរណ៍បានថ្លែងថា កិច្ចសហការ រវាង Prince Happiness Plaza និង Radisson Hotel Group នឹងជួយជំរុញការអភិវឌ្ឍក្នុងសចរណ៍របស់កម្ពុជា។ ក្រុមហ៊ុន Prince Real Estate Group កាលពីថ្ងៃទី ៧ ខែកុម្ភៈបានប្រកាសជាផ្លូវការនូវភាពជាដៃគូរវាង Prince Happiness Plaza និង Radisson Hotel Group ដែលគ្រោងនឹងបើកដំណើរការនៅត្រីមាសទី១ ឆ្នាំ២០២៦ ។

ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា Prince Happiness Plaza គឺជាគម្រោងអចលនទ្រព្យដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Prince Real Estate Group ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។ ហើយកិច្ចសហប្រតិបត្តិការជាមួយ Radisson លើកនេះ នឹងជួយជំរុញការអភិវឌ្ឍក្នុងសចរណ៍របស់កម្ពុជា។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាង Prince Happiness Plaza និង Radisson Hotel Group នឹងពង្រីកបន្ថែមទៀតនូវអាជីវកម្មផ្នែកសណ្ឋាគារលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ និងផ្តល់នូវសេវាកម្ម concierge ស្តង់ដារពិភពលោក និងអន្តរជាតិដល់អតិថិជនទាំងក្នុងនិងក្រៅប្រទេស តាមរយៈសម្ព័ន្ធភាពដ៏រឹងមាំ ក្នុងគោលបំណងបង្កើតជាគំរូថ្មីនៃជីវិតរស់នៅ និងទេសចរណ៍ដែលមានគុណភាពខ្ពស់នៅក្នុងតំបន់។

លោកបញ្ជាក់ថា ប្រាក់ចំណូលពីការជួលខុនដូដែលមានស្ថិរភាពដែលធ្វើការគ្រប់គ្រងដោយ Radisson Blu នឹងផ្តល់ជាជម្រើសកាន់តែច្រើនដល់អតិថិជន ហើយវាក៏ជាការបោះជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុន Prince Real Estate Group ផងដែរ។

លោក Ramzy Fenianos បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់ Radisson Hotel Group នៅកម្ពុជា។ កម្ពុជាគឺជាទីផ្សារដែលមានការរីកចម្រើនមួយ និងមានសក្ដានុពលធំធេងសម្រាប់អាជីវកម្ម និងការធ្វើដំណើរកម្សាន្ត ដូច្នេះការអភិវឌ្ឍម៉ាកយីហោទាំងពីរនេះនឹងបន្ថែមតម្លៃយ៉ាងខ្លាំងដល់ផលបត្រដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ថា សណ្ឋាគារ Radisson RED Phnom Penh និងសណ្ឋាគារ Radisson Blu Hotel & Residences គឺជាម៉ាកយីហោតំណាងឲ្យ Radisson Hotel Group ក្នុងការបោះជំហានចូលក្នុងទីផ្សាររបស់កម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner