ក្រសួងប្រៃសណីយ៍ ផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងកិច្ចការនារី និងក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តោតលើគោលបំណងសំខាន់៣
(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍ រួមជាមួយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍ ក្រសួងកិច្ចការនារី និងក្រសួងសាធារណការនិងដឹកជញ្ជូន ផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការ។

ក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍នឹងជួយគាំទ្រដល់ក្រសួងកិច្ចការនារី និងក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស គឺការផ្តល់ភាពកាន់តែងាយស្រួលជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈពីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រនិងតួនាទីស្ត្រីនៅក្នុងវិស័យឌីជីថលរបស់ក្រសួងកិច្ចការនារី។

គិតត្រឹមពេលនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍ ចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មលើការងាររដ្ឋបាលនិងការផ្តល់សេវាសាធារណៈរបស់ក្រសួង និងគ្រឹះស្ថានអប់រំចំនួន ៣៤ ក្នុងជំហានឆ្ពោះទៅរកការកសាងរដ្ឋាភិបាលឌីជីថល (Digital Government) និងពលរដ្ឋឌីជីថល (Digital Citizen) ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ជាពិសេស ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះ មេដាយមាស (Gold Medal) ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Award 2024) ដែលជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍ ក្នុងការបង្កើតដំណោះស្រាយឌីជីថល ហើយមានទទួលស្គាល់ជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ៕



ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា