កម្ពុជាមានរោងចក្រធុនធំជាង ២១០០ មានទុនវិនិយោគជាង ១៨ពាន់លានដុល្លារ

ភ្នំពេញ៖ បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រធុនធំសរុបចំនួន ២១២៥ រោងចក្រ ដែលមានទុនវិនិយោគសរុបចំនួន ជាង១៨ពាន់លានដុល្លារអាមេរិក។នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានឱ្យដឹងថា នៅឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាមានរោងចក្របង្កើតថ្មីចំនួន ២៤១រោងចក្រ និងមានដើមទុនវិនិយោគជាង ១ ៨០០ លានដុល្លារ ហើយក្នុងនោះមានរោងចក្រចំនួន៨ ដែលបានសុំអាជ្ញាបណ្ណពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការផ្គុំ និងដំឡើងយានយន្តនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា ក្រុមហ៊ុនខ្មែរទី១ ដែលបានដំឡើងឡានខ្មែរមុនគេគឺក្រុមហ៊ុន GTV Motor ហើយនៅខែឧសភាខាងមុខនេះ ក្រុមហ៊ុនតូយ៉ាតា ក៏នឹងសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្ត Pick up និង SUV នៅកម្ពុជាផងដែរ ។ យោងតាមលោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) គិតមកដល់ពេលនេះ កម្ពុជាមានគម្រោងរោងចក្រដំឡើងរថយន្ដថ្មីសរុបចំនួនប្រាំបួនក្រុមហ៊ុន។ ក្នុងនោះមានក្រុមហ៊ុនចំនួន៥ហើយដែលបានដំណើរការជាផ្លូវការ។

គួរសម្គាល់ថា កត្ដាដែលធ្វើឱ្យមានការកើនឡើងនូវរោងចក្រដំឡើងរថយន្ដថ្មីនៅកម្ពុជា ដោយសារកំណើននៃការប្រើប្រាស់រថយន្ដថ្មី មានការកើនឡើង និងមានការលើកទឹកចិត្ដដល់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាពីរាជរដ្ឋាភិបាល៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner