ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំ និងផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននិងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាក់ស្ដែងនៅថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការពន្យល់យ៉ាងងាយៗថា តាមរយៈប្រព័ន្ធទូទាត់វិក្កយបត្រ ប្រជាពលរដ្ឋ អាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារដៃគូមួយណាក៏បាន ឬបង់ជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ក៏បាន ខណៈប្រព័ន្ធឌីជីថលមួយនេះ នឹងចូលរួមចំណែកលុបបំបាត់អំពើពុករលួយ ការទាមទារកម្រៃសេវាក្រៅផ្លូវការ និងជួយពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។

គួររម្លឹកជូនថាក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមហ៊ុន KESS Innovation PLC រៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងជាជំហានៗនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្តចំនួន ៣ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប កាលពីឆ្នាំ២០២១ និងត្រូវបានពង្រីកជាបន្តបន្ទាប់ មុននឹងត្រូវបានប្រកាសអនុវត្តជាផ្លូវការនៅថ្ងៃនេះ ។

សម្រាប់ការស្នើសុំស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ គឺជាការកែទម្រង់ដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅការកសាងរដ្ឋាភិបាលឌីជីថល ដូចបានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដែលមានគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតភ្ជាប់ព័ត៌មានវិទ្យាឌីជីថល រវាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព សមភាព គុណភាព និងតម្លាភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ថា ការផ្តល់សេវារដ្ឋបាល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ឬឌីជីថលនេះ ទើបតែត្រូវបានដាក់អនុវត្តសាកល្បង កាលពីពាក់កណា្ដលឆ្នាំ២០២៣ ដោយក្រសួងមហាផ្ទៃ នឹងពង្រីកការអនុវត្តសាកល្បងនេះ ទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ចំនួន៨ បន្ថែមទៀត រួមមាន ខេត្តសៀមរាប ខេត្តកំពត បន្ទាយមានជ័យ កំពង់ស្ពឺ ព្រះសីហនុ តាកែវ កំពង់ធំ និងខេត្តកំពង់ឆ្នាំង ។

កម្ពុជា ចាប់ផ្តើមអនុវត្តយន្តការច្រកចេញចូលតែមួយ កាលពីឆ្នាំ២០០៥ ។ មុននឹងដំណើរការជាផ្លូវការដូចសព្វថ្ងៃ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តសាកល្បង នៅស្រុកគោលដៅ ចំនួន ២ដែរ គឺ ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងស្រុកសៀមរាប ខេត្តសៀមរាប ដែលកាលនោះមិនទាន់ក្លាយជាក្រុងនៅឡេីយ ក្រោមការជួយគាំទ្រពីសហភាពអឺរ៉ុប តាមរយៈអង្គការខុនរ៉ាដអាឌិនណៅអ៊ែរ ។ បច្ចុប្បន្នយន្តការនេះ ទទួលការអបអសាទរ និងពេញចិត្តទាំងពីប្រជាពលរដ្ឋ សង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រទេសជាដៃគូ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត បន្តចូលរួមសហការ លើការងារ បណ្តុះបណ្តាល និងកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមវិស័យជំនាញនីមួយៗ នៅអង្គភាពច្រកចេញចូលតែមួយ និងត្រូវផ្សព្វផ្សាយ ព្រមទាំងពន្យល់ជូនពលរដ្ឋឱ្យបានកាន់តែច្បាស់អំពីសេវាច្រកចេញតែមួយ រួមទាំងយន្តការថ្មីៗ ដូចជាការទូទាត់កម្រៃសេវាតាមប្រព័ន្ធទូទាត់វិក្កយបត្រ និងការអនុវត្តសាកល្បងការស្នើសុំនិងទទួលសេវាតាមប្រព័ន្ធអនឡាញជាដើម ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner