ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ ៣សំខាន់ៗ
(ស្ទឹងត្រែង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ ៣សំខាន់ៗគឺ: ទី១-ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ទី២-ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា ទី៣-ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗនិងមធ្យោបាយ គ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។
នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ ដែលមានសិស្សនគរបាលជ័យលាភីចំនួន ១៧៧នាក់ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ទន្ទឹមនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និង សាលានគរបាលជាតិភូមិភាគ១ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយ មោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្ដែងនៃការងារបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានថ្លែង អំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានិងសាលានគរបាលជាតិភូមិភាគនានា។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យលាភី ទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្ដាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ៖ សមិទ្ធផលសំខាន់ៗដែលត្រូវបានដាក់សម្ពោធ នាពេលនោះមានដូចជា ផ្លូវបេតុងប្រវែង១២៩៥ម៉ែត្រ ប្រព័ន្ធលូរំដោះទឹកប្រវែងសរុប១៧៣៤ម៉ែត្រ ទីធ្លាសម្រាប់ហ្វឹកហាត់ និងគោរពទង់ជាតិ ទំហំ ១៦៦៩ម៉ែត្រការ៉េ និងចំណតរថយន្តទំហំ ៩៧៤ម៉ែត្រការ៉េ ឧបត្ថម្ភដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង តារាងបាល់ទាត់ តារាងបាល់ទះ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី ឡដុតសំរាម ម៉ាស៊ីនចម្រុះទឹកស្អាត ព្រមទាំងសម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា ៕
ដោយ / គ្រី សម្បត្តិ