រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តីនគរបាលជាតិ និងងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ
ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងចំណោមមន្រ្តីនគរបាលជាតិ តាមរយៈការអនុវត្តវិធានការធ្វើតេស្តរកសារធាតុញៀន លើមន្រ្តីកងកម្លាំងរបស់ក្រសួងមហាផ្ទៃ ទាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ ដើម្បីធានាភាពជាគំរូនៃមន្រ្តីអនុវត្តច្បាប់។ នេះជាការការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា ព្រមទាំងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ តាំងនៅខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងចំណុះក្រសួងមហាផ្ទៃទាំងអស់ដែលបានចូលរួមអនុវត្តវិធានការនេះយ៉ាងសកម្ម និងស្មោះត្រង់ ធ្វើឱ្យក្រសួងមហាផ្ទៃ ឈានទៅអនុវត្តវិធានការវិន័យចំពោះមន្រ្តីប្រើប្រាស់គ្រឿងញៀន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា «៥ខែចុងក្រោយនេះ យើងឃើញមន្រ្តីប្រព្រឹត្តបទល្មើស ឬល្មើសវិន័យ០០៦ ជាបន្តបន្ទាប់ត្រូវបានបណ្ដេញចេញ ឬមួយបន្ថយស័ក្ដិ ឬមួយដកហូតតួនាទី។ ខ្ញុំខ្លួនឯងផ្ទាល់ ឬមួយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឬមួយឯកឧត្តមអគ្គស្នងការ ក៏មិនចង់ធ្វើដែរ ប៉ុន្តែនេះជាការកាត់សាច់ស្អុយ ជាការសម្អាតផ្ទះយើង មុននឹងយើងរៀបចំផែនការបន្តទៀត ទាំងការអភិវឌ្ឍធនធានមនុស្ស»។
គួរកត់សម្គាល់ថា «ការវះកាត់» គឺជាជម្រើសចុងក្រោយមួយនៃការអនុវត្តមរតក «អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដូសក្អែល ព្យាបាល និងវះកាត់» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។ ឈរលើអភិក្រមនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមហាផ្ទៃ