ក្រសួងកិច្ចការនារីក្រើនរំលឹកដល់យុវជន យុវនារីកុំឱ្យយល់ច្រឡំអត្ថន័យថ្ងៃទី១៤ ខែកុម្ភៈដែលប្រាសចាកសីលធម៌សង្គម
(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានចេញសេចក្តីអំពាវនាវមួយដោយបញ្ជាក់ថាបន្ទាប់ពីសង្កេតឃើញថាមានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយ ចំនួននៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជនបានកំណត់ថាជា ទិវានៃក្ដីស្រឡាញ់ ដោយប្រើប្រាស់ថ្ងៃនេះ ប្រព្រឹត្តសកម្មភាពដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរយើង។
ជាមួយគ្នានេះក្រសួងកិច្ចការនារី បានក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយ កិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពី បុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើអត្ថ ន័យ និងខ្លឹមសារនៃទិវានៃក្តីស្រឡាញ់ នេះ។
ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល អាជ្ញាធរពាក់ព័ន្ធ យុវជន យុវនារី នឹងចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូន កូន ចៅ សាច់ញាតិ ឬក្រុមគ្រួសារ សំដៅឈានទៅលុបបំបាត់សកម្មភាពជាអវិជ្ជមាននានា ក្នុង សង្គម ក្នុងន័យរួមគ្នាថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរយើង ឱ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍៕
ដោយ ៖ ម៉ាដេប៉ូ